(វា៉ស៊ីនតោន)៖ អនុប្រធានាធិបតី Mike Pence នៅថ្ងៃសុក្រនេះ បានទទួលចាក់វ៉ាក់សាំង COVID-19 ដោយផ្សាយបន្តផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីធានាដល់ប្រជាពលរដ្ឋអាមេរិកថា វ៉ាក់សាំងគឺមានសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

ចំណែកឯ ភរិយារបស់លោក គឺលោកស្រី Pence Karen និងវេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ លោក Jerome Adams ក៏បានទទួលការចាក់វា៉ក់សាំងនេះផងដែរ។

គួរបញ្ជាក់ថា តាមរយៈកាយវិការនេះ លោកអនុប្រធានាធិបតី Mike Pence បានក្លាយជាមេដឹកនាំពិភពលោក លំដាប់ខ្ពស់បំផុតដែលទទួលចាក់វ៉ាក់សាំង COVID-19 មុនគេ នៅថ្ងៃសុក្រនេះ ខណៈដែល ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ និងក្រុមគ្រួសាររបស់លោក ហាក់មិនទាន់បង្ហាញពីចេតនា ទទួលចាក់វ៉ាក់សាំងនេះ នៅឡើយទេ។

បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងរួចរាល់ នៅឯសេតវិមាន អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា«ការបង្កើនទំនុកចិត្តលើវ៉ាក់សាំង វាជាអ្វីដែលនាំយើងមកទីនេះ នៅព្រឹកនេះ។ ខ្ញុំមិនមានអារម្មណ៍អ្វីប្លែកទេ»។ លោកបានបន្ថែមទៀតថា«ប្រជាជនអាមេរិកអាចជឿជាក់បានថា យើងកំពុងមានវ៉ាក់សាំងមួយដែលមានសុវត្ថិភាព ហើយប្រហែលជាប៉ុន្មានម៉ោងទៀត នឹងមានមួយទៀត»។

វ៉ាក់សាំងមួយទៀត ដែលលោកចង់សំដៅទៅដល់ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដែលគេរំពឹងថា អាចនឹងត្រូវរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក(FDA) អនុម័តឲ្យប្រើប្រាស់ឆាប់ៗនេះ៕