(អាហ្វ្រិកខាងត្បូង)៖ ក្រសួងអប់រំក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គ្រូបង្រៀន ១,៤៩៣នាក់ បានស្លាប់ដោយសារ COVID-19 នៅក្នុងឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំអាហ្វ្រិកខាងត្បូង លោកស្រី អែនជី ម៉ូតសេហ្គា (Angie Motshega) ឆ្នាំសិក្សា២០២០នេះ ទទួលរងការរំខានយ៉ាងខ្លាំង ដោយសារតែការឆ្លងរាតត្បាត COVID-19 ដោយសិក្សាថ្នាក់ទី១២ ដែលទើបតែបញ្ចប់ការប្រឡង កាលពីសប្ដាហ៍មុន បានខកខានការសិក្សា ៤៧ថ្ងៃ។ លោកស្រី អែនជី បានគូសបញ្ជាក់ដូច្នេះថា៖ «មកទល់នឹង ពេលនេះ ខ្ញុំក៏ចង់ទទួលស្គាល់ផងដែរថា កំឡុងពេលវេលាដ៏លំបាកនៃការឆ្លងរាតត្បាត COVID-19 យើងបានបាត់បង់គ្រូបង្រៀន ១,៤៩៣នាក់»

លោកស្រីបន្ថែមថា ទោះជាបែបនេះក្ដី ឆ្នាំសិក្សាថ្មី នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ហើយគ្រូបង្រៀន និងសិស្ស អាចត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេវិញនៅថ្ងៃទី២៧ ខែមករា ឆ្នាំដដែល។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ អាហ្រ្វិកខាងត្បូង មានអ្នកឆ្លង COVID-19 សរុប ៨៩២,៨១៣នាក់ ក្នុងនោះស្លាប់ ២៤,០១១នាក់ និងជាសះស្បើយឡើងវិញ ៧៨០,៣១៣នាក់៕