(វ៉ាស៊ីនតោន)៖ បណ្ដាប្រទេសជាមិត្ត និងជាសម្ព័ន្ធមិត្តជិតស្និទរបស់សហរដ្ឋអាមេរិក បានបាត់បង់ជំនឿទុកចិត្តយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីចាំផ្ទះ លោក ដូណាល់ ត្រាំ អស់រយៈពេលជាង ៤ឆ្នាំមកនេះ។ ជាទូទៅ ទំនុកចិត្ត គឺមានជាប់ពាក់ព័ន្ធគ្នានឹងការពិត តែលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញ ថាជាមេដឹកនាំម្នាក់ដែលប្រឆាំងនឹងការពិតទៅវិញ។ ប្រធានាធិបតីអាមេរិក ឬមេដឹកនាំគ្រប់រូបសុទ្ធតែធ្លាប់និយាយកុហក ប៉ុន្តែការកុហកនោះ មិនមានទំហំធំធេងរហូតដល់ធ្វើឱ្យ អ្នកដទៃបាត់បង់ជំនឿចិត្តលើសហរដ្ឋអាមេរិក ដូចជំនាន់លោក ត្រាំឡើយ។

បើតាមការសិក្សារស្រាវជ្រាវជាច្រើន «អំណាចស្រទន់ ឬ America's soft power» និងកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ដូច្នេះតើលោក ចូ បៃដិន អាចស្ដារកេរ្តិ៍ឈ្មោះ និងទំនុកចិត្តរបស់សម្ព័ន្ធមិត្តមកលើទីក្រុងវ៉ាស៊ីនតោន បានដែរឬទេ? ចម្លើយនៃសំនួរនេះគឺ «អាចទៅរួច» តែប្រហែលបានតែក្នុងរយៈពេលខ្លី។ ការផ្លាស់ប្ដូររបៀបដឹកនាំ និងគោលនយោបាយ អាចនឹងជួយឱ្យលោក បៃដិន ស្ដារ ឬក៏ធ្វើឱ្យប្រសើរឡើងវិញនូវ កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក នៅក្នុងចំណោមប្រទេសដទៃ។ លោក ត្រាំ ជាប្រធានាធិបតីម្នាក់ ដែលមានលក្ខណៈខុសដាច់ឆ្ងាយពីប្រធានាធិបតីអាមេរិកមុនៗ។

មុនឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ កាលពីឆ្នាំ២០១៦ លោក ត្រាំ គឺជាអ្នកជំនួញម្នាក់ដែលគ្មានបទពិសោធន៍នយោបាយ ហើយពេលខ្លះលោកក៏ជាតារាសម្ដែង តាមកញ្ចក់ទូរទស្សន៍ ហើយពេលខ្លះទៀត ឡើងសម្ដែងលើសង្វៀងកីឡាកាស ទៅទៀត។ តែផ្ទុយពីលោក ត្រាំ លោក បៃដិន ជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលមាន បទសោធន៍ចាស់វស្សាខាងគោលនយោបាយការបរទេស ដោយលោកធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភា ច្រើនជាងមួយទសវត្សរ និងធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីអាមេរិក ដល់ទៅ ៨ឆ្នាំ។ ចាប់តាំងពីត្រូវបានជ្រើសរើសឱ្យធ្វើជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក បៃដិន បានថ្លែងសារជាបន្តបន្ទាប់ដែលបានទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាមេដឹកនាំជាច្រើននៃប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដែលកំពុងមានទំនាក់ទំនងមិនសូវល្អ ជាមួយរដ្ឋបាលលោក ត្រាំ។

ជាការពិតណាស់ បញ្ហាធំរបស់លោក ត្រាំ ជាមួយសម្ព័ន្ធមិត្តអាមេរិក មិនមែនស្ថិតនៅត្រង់ពាក្យស្លោក «តម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America First» នោះឡើយ ហើយមេដឹកនាំណា ក៏ត្រូវតែគិតពីប្រយោជន៍ប្រជាជន និងប្រទេសរបស់ខ្លួនមុនគេដូចតែគ្នាដែរ។ តែបញ្ហានោះគឺស្ថិតនៅត្រង់សីលធម៌ និងការឱ្យនិយមន័យផលប្រយោជន៍ជាតិ ។ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តឱ្យនិយមន័យផលប្រយោជន៍ជាតិ តាមន័យ «តូចចង្អៀត» ។ ជាក់ស្ដែង បើតាមអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នៅពេលខ្លះ លោក ត្រាំ ខ្លួនឯងមានការយល់ច្រឡំ ឬច្របូកច្របល់រវាង ផលប្រយោជន៍ជាតិ និងប្រយោជន៍ផ្ទាល់ខ្លួន, នយោបាយ រួមទាំងប្រយោជន៍ហិរញ្ញវត្ថុ។

ប្រធានាធិបតីអាមេរិកមុនៗ ដូចជាលោក Harry Truman តែងតែមានទស្សនៈទូលំ ទូលាយចំពោះផលប្រយោជន៍ជាតិ និងមិនមានការយល់ច្រឡំជាមួយប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ លោក Truman យល់ថាការជួយបណ្ដាប្រទេសដទៃ គឺជាផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាច ដោយលោកមិនបានដូរ ឬដាក់ឈ្មោះ របស់ខ្លួនឯងជំនួសផែនការ Marshall ឬ Marshall Plan ដែលមានគោលដៅជួយស្ដារសេដ្ឋកិច្ចអឺរ៉ុប នៅក្រោយសង្គ្រាមលោកលើកទី២ នោះឡើយ។ តែផ្ទុយទៅវិញ ក្រោមការ ដឹកនាំ ៤ឆ្នាំមកនេះ លោក ដូណាល់ ត្រាំ បានមើលស្រាលលើសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្ត និងប្រព័ន្ធពហុភាគីនិយម ហើយទង្វើបែបនេះបានស្ដែងចេញយ៉ាងច្បាស់នៅពេល លោកចូលរួមក្នុងកិច្ចប្រជុំ G7 ឬអង្គការ NATO ជាដើម។

លោក ដូណាល់ ត្រាំ សម្រេចបានលទ្ធផលផ្លែផ្កាមួយចំនួន នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយចិន ក៏ប៉ុន្តែលោកបែរជាបរាជ័យក្នុងកិច្ចសហប្រតិបត្តិការប្រមូលកម្លាំងសម្ព័ន្ធមិត្ត ដាក់សម្ពាធលើចិន ហើយបែរជាដំឡើងពន្ធលើសម្ព័ន្ធមិត្តរបស់ខ្លួនឯងទៅវិញ។ បណ្ដាមេដឹកនាំលោកខាងលិចភាគច្រើន សុទ្ធតែចង់ឱ្យលោក ត្រាំ ដឹកនាំនយោបាយប្រឆាំងចិន ឬក្រុមហ៊ុនបច្ចេកវិទ្យាចិន ដោយផ្អែកលើមូលដ្ឋានពាណិជ្ជកម្ម ជាជាងផ្តោតតែទៅលើសន្តិសុខជាតិខ្លួនឯង។ លើសពីនេះទៅទៀត ការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង អន្តរជាតិជាបន្តបន្ទាប់ ក្នុងនោះរួមមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ ធ្វើឱ្យបណ្ដាប្រទេសជាមិត្ត និងសម្ព័ន្ធមិត្តជិតស្និទ កាន់តែបាត់បង់ទំនុកចិត្តលើសហរដ្ឋអាមេរិក។

លោក ចូ បៃដិន បានសន្យាថាសម្ព័ន្ធមិត្ត នឹងទទួលបានប្រយោជន៍ភា្លមៗពី «អំណាចស្រទន់» របស់សហរដ្ឋអាមេរិកសាជាថ្មី។ តែទោះជាបែបនេះក្ដី លោក ចូ បៃដិន ត្រូវបានគេ មើលឃើញថានឹងនៅតែត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងជ្រៅ ក្នុងការស្ដារទំនុកចិត្តរបស់សម្ព័ន្ធមិត្ត មកលើសហរដ្ឋអាមេរិក ខណៈសម្ព័ន្ធមិត្តជាច្រើនរបស់ទីក្រុងវ៉ាស៊ីនតោន កំពុង ចោទសួរថាតើមានអ្វីកើតឡើងលើប្រជាធិបតេយ្យអាមេរិក? តើគេអាចជឿទុកចិត្តបានដែរឬទេថា សហរដ្ឋអាមេរិកនឹងគ្មានប្រធានាធិបតី ដូចជាលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២៤ ឬនៅឆ្នាំ២០២៨ ឬក៏នៅរាប់សិបឆ្នាំទៅមុខទៀត?

*ទស្សននយោបាយបែបត្រាំ (Trumpism)

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងស្ដារតួនាទីភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិក និងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តឡើងវិញ ដោយលោកនឹង លុបចោលគោលនយោបាយឯកតោភាគីមួយភាគធំរបស់លោក ដូណាល់ ត្រាំ ហើយថារដ្ឋបាលថ្មីរបស់លោកនឹងផ្តោតលើគោលនយោបាយការបរទេស ដែលដឹកនាំតាមបែប «អំណាចជាគំរូ» ជាជាង «គំរូនៃអំណាច»។ លោក បៃដិន ថែមទាំងបានសន្យាថានឹងនាំសហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនឡើងវិញ ក្នុងនោះដូចជា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុជាដើម។

ក៏ប៉ុន្តែ ទស្សននយោបាយបែបត្រាំ ឬ ត្រាំភីហ្សឹម (Trumpism) ត្រូវបានគេរំពឹងថានឹងនៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមអាមេរិកដដែល ជាពិសេសនៅក្នុងចំណោម អ្នកនយោបាយ នៃគណបក្សសាធារណរដ្ឋ យូរឆ្នាំទៅមុខទៀត បើទោះជាលោក ត្រាំ មិនធ្វើជាប្រធានាធិបតីក៏ដោយ។ ម្យ៉ាងវិញទៀត ទោះជាបរាជ័យនៅក្នុងការបោះឆ្នោត តែលោក ត្រាំ ទទួលបានសំឡេងគាំទ្រពីប្រជាជនអាមេរិក ឬ Popular Vote ដល់ទៅជាង ៧៤លាននាក់ ដែលនេះគឺជាតួលេខអ្នកគំាទ្រខ្ពស់ជាង ប្រធានាធិបតីអាមេរិកកំពុង កាន់អំណាចមុនៗ ដែលស្វះស្វែងចង់ជាប់ឆ្នោតនៅអាណត្តិទី២របស់ខ្លួន។

បើតាមអ្នកសារព័ត៌មានអាមេរិកជាច្រើន ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ នៅក្នុងព្រឹទ្ធសភាអាមេរិកកាន់តែច្រើន មានការមិនពេញចិត្តជាខ្លាំងចំពោះលោក ត្រាំ តែព្រមពេល ជាមួយគ្នា ពួកគេក៏ខ្លាចរអានឹងលោក ត្រាំផងដែរ។ ដូច្នេះបើសិនជាលោក ត្រាំ ព្យាយាម ឬអាចរក្សាអំណាចគ្រប់គ្រងគណបក្សសាធារណរដ្ឋ បន្ទាប់ពីលោកចាកចេញពី សេតវិមាន នោះលោក បៃដិន នឹងពិបាកក្នុងការដាក់ចេញគោលនយោបាយមួយចំនួន ដែលត្រូវការការអនុម័តពីព្រឹទ្ធសភាអាមេរិកដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់គណបក្សសាធារណរដ្ឋ។

គួរបញ្ជាក់ថា អង្គបោះឆ្នោត ឬ Electoral College នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក។ លោក បៃដិន ទទួលបានសំឡេងពីអង្គបោះឆ្នោត ៣០៦រូប ដែលលើស ២៧០រូប ដើម្បីក្លាយជា ប្រធានាធិបតី ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោតតែ ២៣២រូបប៉ុណ្ណោះ។

លទ្ធផលបោះឆ្នោតនេះនឹងត្រូវរង់ចាំការប្រកាសទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង២ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ ដោយផ្ទាល់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន។ លោក បៃដិន នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ស្របពេលលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថាអាចនឹងប្រកាសថាលោកនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកសាជាថ្មី នៅឆ្នាំ២០២៤៕

ប្រភព៖ project-syndicate.org