(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា ប្រទេសចិនតែងតែប្តេជ្ញាជានិច្ច ចំពោះគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃ ហើយចំពោះការចោទប្រកាន់ចិនថា បានជះឥទ្ធិពលទៅលើ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ «គឺជារឿងប្រឌិតឡើងទាំងស្រុង»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើកំណត់សម្គាល់ដូចខាងលើនេះ នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈលោកត្រូវបានគេស្នើឲ្យអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍មួយចេញពីការិយាល័យនាយក នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក ចន រ៉េតឃ្លីហ្វ (John Radcliffe) ដែលបានអះអាងថា ថ្ងៃកំណត់ដែលត្រូវបញ្ជូនរបាយការណ៍ ទៅកាន់សភាស្តីពីការព្យាយាមរបស់បរទេស នៅក្នុងការលូកលាន់ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះ នឹងមិនត្រូវបានធ្វើឡើងទាន់ពេលឡើយ។

បើតាមរបាយការណ៍នោះ លោក Radcliffe ត្រូវបានគេមើលឃើញថា កំពុងព្យាយាមបដិសេធ នៅក្នុងការចុះហត្ថលេខាលើរបាយការណ៍ លុះត្រាណាតែរបាយការណ៍នោះ ព្រមបញ្ជាក់ឲ្យកាន់តែពេញលេញ អំពីការគំរាមកំហែងសន្តិសុខជាតិអាមេរិក ដែលបង្កឡើងដោយប្រទេសចិន។

លោក Wang បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Ratcliffe នាពេលថ្មីៗនេះ មិនបានហៅប្រទេសចិនថា ជាការគំរាមកំហែងសន្តិសុខអាមេរិកលេខ ១ នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់អាមេរិក បានចង្អុលបង្ហាញថា មានការបាត់បង់ទិន្នន័យមួយចំនួន នៅក្នុងការវិភាគរបស់លោក Ratcliffe ហើយដែលទាំងនោះគឺជាទិន្នន័យដែលបង្ហាញថា «ភាពជាដៃគូជាមួយប្រទេសចិន មិនគួរត្រូវធ្វើឲ្យរាំងស្ទះឡើយ តែគួរបន្តទៅមុខទៀត»

គួរបញ្ជាក់តាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានសង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ម្តងទៀតថាប្រទេសចិនបានប្តេជ្ញា ចំពោះគោលការណ៍មិនជ្រៀតជ្រែក ហើយការចោទប្រកាន់ប្រទេសចិនថា បានជះឥទ្ធិពលទៅលើ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ គឺជារឿងដែលត្រូវបានប្រឌិតឡើងទាំងស្រុង»