(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី គឺលោក ចូ បៃដិន នឹងបង្ហាញនូវឱកាសដែលអាចធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្និសីទព័ត៌មានសម្រាប់ចុងឆ្នាំ២០២០ លោក ពូទីន បាននិយាយ ពាក់ព័ន្ធនឹងការវាយប្រហារ ពីបណ្តាប្រទេសលោកខាងលិច ដោយលោកផ្ទាល់បានកត់សម្គាល់ថា ទំនាក់ទំនងរុស្ស៊ី-អាមេរិក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានឈានដល់ចំណុចទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។

លោក វ៉្លាឌីមៀ ពូទីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានទៀតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានក្លាយជាចំណាប់ខ្មាំង នៃនយោបាយក្នុងស្រុកនៅអាមេរិក ហើយលោកសង្ឃឹមថា បញ្ហាដែលមានស្រាប់នឹងអាចដោះស្រាយបាន នៅក្រោមរដ្ឋបាលថ្មីដឹកនាំដោយលោក ចូ បៃដិន។

ទោះបីជាលោក ពូទីន គឺជាមេដឹកនាំចុងក្រោយ នៃប្រទេសធំៗនៅក្នុងពិភពលោក ដែលបានសរសេរសារអបអរ ចំពោះប្រធានាធិបតីជាប់ឆ្នោតថ្មីនៅអាមេរិកក៏ដោយ ក៏លោក ពូទីន បានសង្កត់ធ្ងន់ថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយលោក បៃដិន។ យ៉ាងណាក៏ដោយ ភាពតានតឹងរវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច បានកើនឡើងបន្ថែមទៀត នាប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការបំពុលមេចលនាប្រឆាំងរដ្ឋាភិបាលរុស្ស៊ី លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny)។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនបានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជាងបីឆ្នាំចុងក្រោយនេះ ជុំវិញការចោទប្រកាន់ថា រុស្ស៊ីបានជ្រៀតជ្រែកនៅក្នុង កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ជាការឆ្លើយតប លោក ពូទីន បានបដិសេធសាជាថ្មី និងបានវាយបកវិញថា បណ្តាប្រទេសលោកខាងលិចខ្លួនឯងទៅវិញទេ ដែលបានលូកដៃនៅក្នុងការបោះឆ្នោត នៅជុំវិញពិភពលោក ហើយក៏នឹងព្យាយាមជ្រៀតជ្រែក ទៅក្នុងការបោះឆ្នោតសភារុស្ស៊ីផងដែរ៕