(ព្រុចសែល)៖ មេដឹកនាំអឺរ៉ុបមួយចំនួន បានដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) បន្ទាប់ពីបានដឹងថា ខ្លួនធ្លាប់មានទំនាក់ទំនងជាមួយ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកបានសម្រេចដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេ (ចត្តាឡីស័ក) រយៈពេលប្រាំពីរថ្ងៃ ប៉ុន្តែលោកនឹងបន្តធ្វើការងារពីចម្ងាយ។ ប្រធានាធិបតីបារាំងវ័យ ៤២ឆ្នាំរូបនេះ បានចូលរួមក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីសប្តាហ៍មុន ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ។

បន្ទាប់ពីបានដឹងថា លោក Macron បានឆ្លងជំងឺ COVID-19 មេដឹកនាំអ៊ឺរ៉ុបមួយចំនួនផ្សេងទៀត ក៏បានប្រញាប់ប្រញាល់អនុវត្តវិធានការ ដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែកពីគេតែម្ដង និងបានធ្វើតេស្តរកជំងឺ COVID-19 ផងដែរ។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋាភិបាលអេស្ប៉ាញបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) ដែលបានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះក្នុងព្រឹត្តិការណ៍ OECD បានសម្រេចចិត្តធ្វើចត្តាឡីស័ក រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។ លោក Pedro Sanchez ក៏នឹងផ្អាករាល់សកម្មភាពរបស់លោក ដែលគ្រោងធ្វើនៅថ្ងៃខាងមុខ ស្របទៅតាមវិធានការណ៍សុវត្ថិភាព។

ដោយឡែកប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល (Charles Michel) ដែលបានទទួលទានអាហារថ្ងៃត្រង់ ជាមួយប្រធានាធបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏ត្រូវបានសម្រេចចិត្តដាក់ខ្លួនលោក ឲ្យស្ថិតនៅដាច់ដោយឡែកពីគេផងដែរ។ ការដាក់ខ្លួនឲ្យស្ថិតនៅដាច់ដោយឡែកពីគេដោយខ្លួនឯងរបស់លោក Michel គឺជាវិធានការបង្ការទុកជាមុនប៉ុណ្ណោះ ពីព្រោះលោកមិនត្រូវបានគេចាត់ទុកថា មានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក Macron នោះទេ។ លោក Michel ក៏ធ្លាប់បានធ្វើតេស្តចេញលទ្ធផល អវិជ្ជមានចំពោះ COVID-19 កាលពីថ្ងៃអង្គារសប្ដាហ៍នេះផងដែរ។

ងាកទៅកាន់អគ្គលេខាធិការអង្គការ OECD លោក អាំងហ្គែល ហ្គូរៀ (Angel Gurria) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោកក៏កំពុងធ្វើចត្តាឡីស័កផងដែរ។ លោក Gurria បានបង្ហោះសារនៅលើគណនីបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោកថា «ខ្ញុំគិតថា លោកប្រធានាធិបតី Emmanuel Macron នឹងឆាប់ជាសះស្បើយពីជំងឺនេះ»

ជាចុងក្រោយនេះ គឺនាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក អាន់តូនីញ៉ូ ខូស្តា (Antonio Costa) ក៏បានដាក់ខ្លួនលោក ឲ្យស្ថិតនៅដាច់ដោយឡែកពីគេផងដែរ បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Macron។ លោក Costa ក៏បានធ្វើតេស្ត «អវិជ្ជមាន» ចំពោះ COVID-19 នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ប៉ុន្តែលោកនឹងធ្វើតេស្តមួយផ្សេងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ៕