(ឡុងដ៍)៖ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយសាកលវិទ្យាល័យអង់គ្លេស Oxford និងក្រុមហ៊ុន AstraZeneca អាចជំរុញសមត្ថភាពនៃប្រព័ន្ធភាពសុំា បានយ៉ាងល្អប្រសើរ នៅពេលក្រុមអ្នកស្ម័គ្រចិត្តក្នុងការធ្វើតេស្ដ «ទទួលការចាក់វ៉ាក់សាំងនេះ ០២ដូសពេញ» ជាជាងនៅពេលចាក់វ៉ាក់សាំងតែកន្លះដូស ហើយចាក់បន្ថែមមួយដូសពេញទៀតតាមក្រោយ។ នេះបើតាមការចេញផ្សាយលទ្ធផលធ្វើតេស្ត កាលដំណាក់កាលដំបូងៗរបស់ Oxford ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

ក្រុមអ្នកវិទ្យាសាស្ត្រវ៉ាក់សាំង នៃសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ធ្លាប់បានចេញផ្សាយទិន្នន័យបឋម នៃការធ្វើតេស្ដដំណាក់កាលចុងក្រោយ ដែលកាលណោះបានបង្ហាញថា វ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាព ៩០ភាគរយ នៅពេលដែលអ្នកស្ម័គ្រចិត្ត ទទួលការចាក់វ៉ាក់សាំងពាក់កណ្ដាលដូស ហើយចាក់បន្ថែមមួយដូសពេញតាមក្រោយ តែសម្រាប់ការចាក់វ៉ាក់សាំង ២ដូសពេញគឺបានបង្ហាញប្រសិទ្ធភាពត្រឹមតែ ៦២ភាគរយប៉ុណ្ណោះ។ បើតាមលក្ខណៈស្ដង់ដាទូទៅ វ៉ាក់សាំង COVID-19 គឺតម្រូវឲ្យចាក់ ០២ដូសពេញ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សាកលវិទ្យាល័យ Oxford បានបញ្ជាក់ថា ខ្លួនបានសិក្សាបន្ថែមលើការចាក់វ៉ាក់សាំង ចំពោះមនុស្សពីរក្រុមគឺ ទី១៖ ក្រុមមនុស្សដែលចាក់ ០២ដូសពេញ និងទី២៖ ក្រុមមនុស្សចាក់មួយដូសពេញ រួចទើបពាក់កណ្ដាលដូសតាមក្រោយ នៅក្នុងការធ្វើតេស្ដ។
បើតាមលទ្ធផលធ្វើតេស្ដក្នុងដំណាក់កាលដំបូងៗ ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ០២ដូសពេញ ដូចទៅនឹងវ៉ាក់សាំងទូទៅនៅលើពិភពលោកនេះ ពិតជាអាចបង្កើនប្រសិទ្ធភាព នៃការជំរុញប្រព័ន្ធភាពសុំារបស់មនុស្ស ប្រឆាំងនឹងវីរុសកូរ៉ូណា។ ទោះជាបែបនេះក្តី ការកំណត់ភាគរយជាថ្មីអំពីប្រសិទ្ធភាព គឺមិនទាន់ត្រូវបានធ្វើឡើងឡើយ៕