(សេអ៊ូល)៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសកូរ៉េខាងត្បូងបានប្រកាស រកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,០៦២នាក់ទៀត។ វាជាថ្ងៃទី ៣ ហើយដែលប្រទេសធ្លាប់ធ្វើការទប់ស្កាត់ ការរាតត្បាតជំងឺបានយ៉ាងល្អប្រសើរមួយនេះ បានជួបប្រទះករណីឆ្លងលើស ១,០០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

សម្រាប់អត្រាឆ្លងលើស ១,០០០នាក់ក្នុងមួយថ្ងៃបែបនេះ គឺជាតួលេខខ្ពស់បំផុត ដែលកូរ៉េខាងត្បូងមិនធ្លាប់បានជួបប្រទះឡើយ គិតចាប់តាំងពីខែមករា ឆ្នាំ២០២០ ដែលជាពេលប្រទេសអាស៊ីបូព៌ាមួយនេះ បានរកឃើញករណីឆ្លង COVID-19 ដំបូងៗ។ បើធៀបនឹងប្រទេសធំៗផ្សេងទៀត អត្រាឆ្លង ១,០០០នាក់ក្នុងមួយថ្ងៃ គឺជាកម្រិតមធ្យមមួយប៉ុណ្ណោះ ប៉ុន្តែសម្រាប់កូរ៉េខាងត្បូង ដែលធ្លាប់ធ្វើការទប់ស្កាត់ជំងឺ COVID-19 បានយ៉ាងល្អ និងត្រូវបានចាត់ទុកជាគំរូមួយផងដែរនោះ តួលេខបែបនេះ គឺពិតជាអាក្រក់បំផុត។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្តើមអនុវត្ត ការរឹតបន្តឹងវិធានការសុវត្ថិភាពសង្គម ក្នុងនោះមានដូចជា ការហាមប្រាមជួបជុំគ្នាលើសពីមនុស្ស ១០នាក់, បិទសាលារៀនទាំងអស់ នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់តំបន់ជុំវិញ, ផ្អាកជីវកម្ម ដែលប្រឈមមួយចំនួន និងតម្រូវឲ្យបុគ្គលិកក្រុមហ៊ុន ឬស្ថាប័នមួយចំនួន បំពេញការងារពីផ្ទះជាដើម។

គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ចំនួនករណីឆ្លង COVID-19 នៅប្រទេសកូរ៉េខាងត្បូងមានសរុប៤៦,៤៥៣ករណី ក្នុងនោះស្លាប់៦៣៦នាក់ និងជាសះស្បើយវិញ ៣៣,៦១០នាក់៕