(ម៊ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា មេបក្សប្រឆាំង លោក Alexey Navalny កំពុងទទួលបានការគាំទ្រពិសេស ពីសហរដ្ឋអាមេរិក ដោយបន្ថែមទៀតថា ប្រសិនបើកងកម្លាំងសេវាកម្មពិសេសរបស់រុស្ស៊ី ចង់សម្លាប់មេបក្សប្រឆាំងរូបនោះមែន ម៉េ្លាះមិនទុកឲ្យរស់ដល់ថ្ងៃនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

ការអត្ថាធិប្បាយរបស់លោកពូទីន ខាងលើ គឺជាការឆ្លើយតបទៅនឹង សំណួរនៅក្នុងសន្និសីទសារព័ត៌មានមួយ ជុំវិញពីការស៊ើបអង្កេត របស់ក្រុមស៊ើបអង្កេត Bellingcat និង CNN ដែលបានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញថាសេវាកម្មសន្តិសុខសហព័ន្ធ របស់ប្រទេសរុស្ស៊ី (FSB) បានបង្កើតក្រុមវរជនមួយក្រុម ដែលមានឯកទេសខាងភ្នាក់ងារសរសៃប្រសាទ ឲ្យតាមដានលោក Navalny អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក Alexei Navalny ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លាម្នាក់ប្រឆាំងប្រធានាធិបតីរុស្សី លោក វ្ល៉ឌីមៀ ពូទីន បានដួលសន្លប់ភ្លាមៗ បន្ទាប់ពីទទួលទានទឹកតែ ដែលត្រូវបានក្រុមអ្នកគាំទ្ររបស់លោកអះអាងថា មានជាតិពុល។ ក្រោយមកទៀត រដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា លោក Navalny ត្រូវគេបំពុល ដោយសារធាតុពុលម្យ៉ាង ឬភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទឈ្មោះថា Novichok ដែលជាសារធាតុមីគីពុល ត្រូវបានផលិតតាំងពីសម័យសូវៀត មកម្ល៉េះ។

សំណុំរឿងប៉ុនប៉ងសម្លាប់លោក Alexei Navalny នេះទៀតសោត បានធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចល្អក់កករសាជាថ្មី ដោយអាល្លឺម៉ង់ និងអង់គ្លេសជាដើមបានស្នើសុំការបកស្រាយ និងការពន្យល់ពីរដ្ឋាភិបាលរុស្ស៊ី ហើយក្រោយមកទៀតពួកគេប្រកាសថា នឹងដាក់ទណ្ឌកម្មលើរុស្ស៊ី បើសិនជាទីក្រុងទីម៉ូស្គូមានជាប់ពាក់ព័ន្ធ នឹងទង្វើដ៏សាហាវឃោឃៅនេះមែននោះ៕