(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន រួហានី (Hassan Rouhani) នៅថ្ងៃពុធនេះបានថ្លែងថា ទីក្រុងតេហេរ៉ង់មិនសប្បាយចិត្តណាស់ណាឡើយ ចំពោះរដ្ឋាភិបាលអាមេរិកអាណត្តិថ្មី ដែលនឹងត្រូវដឹកនាំដោយ លោក ចូ បៃដិន ប៉ុន្តែប្រទេសលោកស្វាគមន៍ ចំពោះការចាកចេញពីតំណែងរបស់ មេដឹកនាំអាមេរិកបច្ចុប្បន្នគឺលោក ដូណាល់ ត្រាំ ដែលប៉ុន្មានឆ្នាំមកនេះ បានបង្កហេតុជាខ្លាំងមកលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

កំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅថ្ងៃពុធនេះ លោក Rouhani បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនរំភើបអ្វីឡើយ ចំពោះការឡើងកាន់អំណាចរបស់លោក បៃដិន ប៉ុន្តែយើងពេញចិត្ត ចំពោះការចាកចេញពីតំណែងរបស់លោក ដូណាល់ ត្រាំ»។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអ៉ីរ៉ង់រូបនេះ ថែមទាំងបានហៅលោក ត្រាំ ថាជាប្រធានាធិបតីអាមេរិក ដែលមានអត្តចរិតកាងបំផុតក្នុងប្រវត្តិសាស្រ្ត និងជាភេរវករមួយរូបទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ អង្គបោះឆ្នោតនៃសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា តទល់ជាមួយនឹងលោក ដូណាល់ ត្រាំ។ លោក ចូ បៃដិន នឹងត្រូវស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ហើយវាក៏ជាពេលដែលលោក ដូណាល់ ត្រាំ នឹងត្រូវចាកចេញពីសេតវិមានផងដែរ៕