(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានប្រកាសស័្មគ្រចិត្តក្លាយជាបុគ្គលដំបូងគេ ដែលទទួលការចាក់វ៉ាក់សាំង COVID-19 នៅក្នុងប្រទេសធំជាងគេ ប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនឹងស្ម័គ្រចិត្តធ្វើជាបុគ្គលដំបូងគេ ដែលចាក់វ៉ាក់សាំង COVID-19 ដើម្បីបង្កើនការជឿទុកចិត្ត ក្នុងចំណោមប្រជាពលរដ្ឋឥណ្ឌូណេស៉ីថា វ៉ាក់សាំង COVID-19 ដែលត្រូវប្រើគឺមានសុវត្ថិភាព»

លោក Joko Widodo បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំង COVID-19 នឹងត្រូវផ្តល់ជូនដល់ពលរដ្ឋឥណ្ឌូណេស៉ីទាំងអស់ «ដោយមិនគិតថ្លៃ សូម្បីតែមួយកាក់មួយសេន»។ ពីដំបូងឡើយឥណ្ឌូណេស៉ីគ្រោងផ្តល់វ៉ាក់សាំង ដោយឥតគិតថ្លៃ សម្រាប់តែក្រុមមនុស្សមួយចំនួនប៉ុណ្ណោះ ដោយអ្នកដទៃទៀត គឺត្រូវចំណាយថវិកាផ្ទាល់ខ្លួន ខណៈឥណ្ឌូណេស៉ីមានប្រជាជនសរុបជាង ២៦០លាននាក់។

បច្ចុប្បន្នឥណ្ឌូណេស៉ីមានវ៉ាក់សាំង COVID-19 សរុប ១.២លានដូស ដែលបានមកពីក្រុមហ៊ុនចិន Sinovac Biotech កាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅនេះ ហើយគ្រោងនឹងទទួលវត្ថុធាតុដើម ដើម្បីផលិត ១៥លានដូសថែមទៀតពីក្រុមហ៊ុនដដែល នៅក្នុងខែនេះ។ ប៉ុន្តែវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac Biotech មិនទាន់បានបញ្ចប់ការធ្វើតេស្ត ក្នុងដំណាក់កាលចុងក្រោយនៅឡើយទេ ទាំងនៅឥណ្ឌូណេស៉ី និងនៅប្រទេសមួយចំនួនទៀត ដូចជាប្រេស៉ីល ឈីលី និងតួកគី។ ដូច្នេះទីភ្នាក់ងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងឱសថឥណ្ឌូណេស៉ី មិនទាន់បានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ទេ លុះត្រាតែលទ្ធផលចេញមកសិន។

គួរបញ្ជាក់ថា ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ប្រទេសឥណ្ឌូណេស៉ីក៏កំពុងសហការជាមួយក្រុមហ៊ុនអាមេរិក Pfizer, ក្រុមហ៊ុនចក្រភពអង់គ្លេស-ស៊ុយអែត AstraZeneca និងគម្រោងវ៉ាក់សាំង COVID-19 ជាលក្ខណៈអន្តរជាតិមានឈ្មោះថា ខូវ៉ាក់ (COVAX) ផងដែរ៕