(ញូយ៉ក)៖ គិលានុប្បដ្ឋាយិកានៅតាមបន្ទប់សង្គ្រោះបន្ទាន់ បានក្លាយជាក្រុមមនុស្សដំបូងគេបង្អស់ នៅសហរដ្ឋអាមេរិកដែលទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដែលបានបង្ហាញសញ្ញានៃភាពប្រសើរឡើងបន្តិច ខណៈដែលចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបានកើនលើស ៣០០,០០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

លោកស្រី សាន់ដ្រា លីនសេយ៍ (Sandra Lindsay) ដែលបានទទួលបន្ទុកព្យាបាលអ្នកជំងឺ COVID-19 អស់រយៈពេលជាច្រើនខែមកហើយនោះ បានទទួលការចាក់វ៉ាក់សាំងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ឡងអាយឡេនជ្វីស (Long Island Jewish) នៅក្នុងសង្កាត់ឃ្វីនស៍ (Queens) នៃទីក្រុងញូយ៉ក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃជំងឺ COVID-19។ លោកស្រី Lindsay បានលើកឡើងថា «ខ្ញុំមិនមានអារម្មណ៍ខុសប្លែក បន្ទាប់ពីទទួលបានវ៉ាក់សាំងនោះឡើយ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមានសង្ឃឹមនៅថ្ងៃនេះ និងដូចជាធូរស្បើយឡើងវិញ ហើយខ្ញុំក៏សង្ឃឹមផងដែរថា នេះគឺជាការចាប់ផ្តើម ដើម្បីបញ្ចប់ពេលវេលាដ៏ឈឺចាប់បំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់យើង»។ លោកស្រី Lindsay បានបន្ថែមថា លោកស្រីចង់បង្កើនទំនុកចិត្តក្នុងចំណោមសាធារណជនថា «វ៉ាក់សាំងនេះពិតជាមានសុវត្ថិភាពមែន»

នៅពេលគ្រូពេទ្យចាក់វ៉ាក់សាំង COVID-19 តាមដៃរបស់លោកស្រី Lindsay អភិបាលរដ្ឋញូយ៉កបាននិយាយថា លោកស្រីគឺជាជនជាតិអាមេរិកដំបូងគេដែលបានចាក់វ៉ាក់សាំង ហើយអភិបាលរូបនេះបានហៅលោកស្រីថា «វីរនារី»។ ដោយឡែកនៅប៉ុន្មាននាទីបន្ទាប់ពីលោកស្រី Lindsay ទទួលបានវ៉ាក់សាំង COVID-19 ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «នេះគឺជាចាក់វ៉ាក់សាំងដំបូងបំផុត... សូមអបអរសាទរសហរដ្ឋអាមេរិក សូមអបអរសាទរដល់ពិភពលោកទាំងមូល។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Long Island Jewish នៅក្នុងរដ្ឋញូយ៉ក គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេស ដែលបានទទួលវ៉ាក់សាំងសម្រាប់កម្មវិធីចាក់វ៉ាក់សាំង ដំណាក់កាលដំបូងនៅថ្ងៃចន្ទសប្តាហ៍នេះ។ វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer ក្រោមដៃគូសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានទទួលការអនុញ្ញាតឲ្យមានការប្រើក្នុងករណីបន្ទាន់ ពីនិយ័តករឱសថសហព័ន្ធកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់លទ្ធផលនៃការធ្វើតេស្តដំណាក់កាលចុងក្រោយ បានបង្ហាញពីប្រសិទ្ធភាព ៩៥%៕