(កង់បេរ៉ា)៖ បណ្ឌិតសភាសុខាភិបាល និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រអូស្រ្តាលី (AAHMS) បានព្រមានថា វ៉ាក់សាំងតែមួយមុខនឹងមិនគ្រប់គ្រាន់ទេ ដើម្បីរក្សាប្រទេសដីកោះធំជាងគេលើលោកមួយនេះ ឲ្យមានសុវត្ថិភាពនៅឆ្នាំ២០២១ ខាងមុខនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

AAHMS ដែលមានអ្នកស្រាវជ្រាវជាង ៤០០នាក់ នៅថ្ងៃអង្គារនេះបានចេញផ្សាយរបាយការណ៍មួយ ដែលផ្តល់ដំបូន្មានស្តីពីជំហានបន្ទាប់ក្នុងការឆ្លើយតប ទៅនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) នៅប្រទេសអូស្រ្តាលី។ របាយការណ៍នោះបានអំពាវនាវឱ្យមានការបន្តអនុវត្ត វិធានការការពារសុខភាពសាធារណៈឲ្យបានខ្ជាប់ខ្ជួន រួមមានការធ្វើតេស្ត, ការពាក់ម៉ាស, ការតាមដានរកអ្នកប៉ះពាល់នឹងអ្នកជំងឺ និងរយៈពេលនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកមកពីក្រៅប្រទេស និងអ្នកធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19។

របាយការណ៍ពីក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រខាងលើនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្តការពារ និងព្យាបាលអ្នកជំងឺដែលមានបញ្ហាសុខភាពផ្លូវចិត្តរយៈពេលវែង ក្រោយពីពួកគេបានជាសះស្បើយពីជំងឺ COVID-19។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៨,០៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩០៨នាក់ និងជាសះស្បើយ ២៥,៦៨៦នាក់៕