(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr បាននិយាយថា លោកនឹងលាលែងពីតំណែងនៅសប្ដាហ៍ក្រោយនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី អង្គបោះឆ្នោត បោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

លោក William Barr ដែលជាមុខសញ្ញា លោក ដូណាល់ ត្រាំ ត្រូវបណ្ដេញចេញពីតំណែងមុនផុតអាណត្តិ ដោយសារតែការខ្វែងគំនិតគ្នា ជុំវិញការលួចបន្លំសនឹ្លកឆ្នោតក៏បានបញ្ជាក់ដែរថា នឹងលាលែងពីតំណែងនៅថ្ងៃទី២៣ ខែធ្នូនេះ ពោលគឺមិនដល់មួយខែឡើយ មុននឹងលោក បៃដិន ស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ជាផ្លូវការ។ ដោយឡែក បើតាមលោក ត្រាំ អគ្គរដ្ឋអាជ្ញារង លោក Jeff Rosen នឹងត្រូវឡើងកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ស្ដីទី ក្រោយការចាក ចេញរបស់លោក William Barr។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះដែរ អង្គបោះឆ្នោត បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការហើយ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជា ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ លោក បៃដិន ទទួលបានអង្គបោះឆ្នោត ៣០៦រូប លើស២៧០រូប ដើម្បីក្លាយជាប្រធានាធិបតី ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត ២៣២រូប។ លទ្ធផលបោះឆ្នោតនេះនឹងត្រូវរង់ចាំការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង២ ដែលនឹងត្រូវបើកសម័យប្រជុំ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន ខណៈលោក បៃដិន នឹងក្លាយជា ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕