(បារ៉ែន)៖ ប្រទេសបារ៉ែន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ចិន, បន្ទាប់ពីកាលពីពេលថ្មីៗនេះ ខ្លួនបានអនុម័តឲ្យវ៉ាក់សាំង ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ដែលជាដៃគូរបស់ខ្លួន, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់បារ៉ែន បានចេញផ្សាយថា វ៉ាក់សាំងក្រុមហ៊ុន Sinopharm របស់ប្រទេសចិន អាចប្រើប្រាស់បាន នៅក្នុងប្រទេសដែនកោះមួយនេះ។

វាបានផ្តល់ព័ត៌មានលម្អិត តាមរយៈការសិក្សាលើលទ្ធផល នៃវ៉ាក់សាំងនេះ ជាមួយនឹងសហព័ន្ធអារ៉ាប់រួម ដែលកាលពីសប្តាហ៍មុន បានប្រកាសថា វ៉ាក់សាំងនេះ មានប្រសិទ្ធិភាពបង្ការជំងឺ COVID-19 បាន៨៦ភាគរយ។

បារ៉ែន បានឲ្យដឹងថា មានប្រជាជនជាង៧,៧០០នាក់ ដែលបានចុះហត្ថលេខា លើការចូលរួមក្នុងការសាកល្បងវ៉ាក់សាំង Sinopharm នៅក្នុងប្រទេសរបស់ខ្លួន។ កាលពីពេលថ្មីៗនេះ បារ៉ែន បានលើកឡើងថា ខ្លួនមានគម្រោងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់សាធារណៈជន ដោយឥតគិតថ្លៃ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបណ្តោះអាសន្ន នៅក្នុងប្រទេសមួយចំនួន ហើយក្រុមហ៊ុន កំពុងធ្វើការព្យាបាលសាកល្បង ដំណាក់កាលចុងក្រោយ នៅក្នុងប្រទេសចំនួន១០៕