(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយថា គិតត្រឹមថ្ងៃចន្ទនេះករណីសកម្មនៃជំងឺ COVID-19 ឬអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបនៅទូទាំងប្រទេសមានចំនួន ៣៥២,៥៨៦នាក់ ដែលជាចំនួនទាបបំផុត នៅក្នុងរយៈពេលជិត ៥ខែមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា «ករណីសកម្មនៃ COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌា បានធ្លាក់ចុះរហូតដល់ ៣.៥៧ភាគរយ ដែលជាអត្រាធ្លាក់ចុះទាបបំផុត ក្នុងរយៈពេល ១៤៩ថ្ងៃកន្លងទៅនេះ»

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ២៧,០៧១ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ៣០,៦៩៥នាក់បានជាសះស្បើយឡើងវិញ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា។ ចំនួនអ្នកជាសះស្បើយប្រចាំថ្ងៃ បានកើនឡើងលើសចំនួនករណីឆ្លងប្រចាំថ្ងៃបែបនេះ រយៈពេល ១៧ថ្ងៃហើយ។

សេចក្តីថ្លែងការណ៍ខាងលើនេះ បានគូសបញ្ជាក់បន្ថែមថា «ចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនឡើងជិតដល់ ៩.៤លាននាក់ហើយ ដែលស្មើនឹង ៩៤.៩៨ភាគរយ»

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers គិតត្រឹមរសៀលថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ៩.៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤០,០០០នាក់ និងជាសះស្បើយជាង ៩.៣លាននាក់៕