(សិង្ហបុរី)៖ ទីបំផុតនាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ស៊ានឡុង (Lee Hsien Loong) បានប្រកាសថា ប្រទេសអាស៊ានមួយនេះអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech នៅក្នុងករណីបន្ទាន់ហើយ ខណៈវ៉ាក់សាំងដំបូង នឹងមកដល់នៅចុងខែធ្នូនេះតែម្តង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មានសិង្ហបុរី CNA នារសៀលថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០២០។

ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃការថ្លែងសារ ទៅកាន់ប្រជាជាតិសិង្ហបុរី ដោយលោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង ដើម្បីរៀបរាប់អំពីដំណើរវិវឌ្ឍនៃជំងឺ COVID-19 ទាំងនៅលើពិភពលោក និងនៅក្នុងប្រទេសដីកោះមួយនេះផ្ទាល់។

លោក លី ស៊ានឡុង ក៏បានរំលឹកផងដែរថា ប្រទេសសិង្ហបុរីធ្លាប់ឈានដល់ ចំណុចកំពូលនៃការឆ្លង COVID-19 កាលពីអំឡុងខែមីនា និងខែមេសា ដោយកាលណោះគឺករណីឆ្លង ត្រូវបានរកឃើញរហូតដល់ទៅជាង ១,០០០នាក់ក្នុងមួយថ្ងៃឯណោះ។ ដោយឡែកសម្រាប់ខែធ្នូនេះវិញ សិង្ហបុរីអាចទប់ស្កាត់បាន ដោយគ្មានករណីឆ្លងក្នុងសហគមន៍ ត្រូវបានរកឃើញទៀតឡើយ។

គួរបញ្ជាក់ថា សិង្ហបុរីគឺជាប្រទេសអាស៊ីមុនគេហើយ ដែលបានប្រកាសអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានសង្កត់់ធ្ងន់ទៀតថា អាទិភាពនៃការចាក់វ៉ាក់សាំង «ដោយមិនគិតថ្លៃនេះ» នឹងត្រូវបានទៅលើ បុគ្គលិកបម្រើការងារជួរមុខ, មនុស្សមានវ័យចំណាស់ និងក្រុមអ្នកស្ម័គ្រចិត្តនានា។ ដោយឡែកជនបរទេស ដែលធ្វើការស្នាក់នៅសិង្ហបុរីក្នុងរយៈពេលវែង ក៏នឹងទទួលបានការចាក់វ៉ាក់សាំងខាងលើនេះ ដោយមិនគិតថ្លៃផងដែរ៕