(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះ នឹងចាប់ផ្តើមបន្ថយចំនួនថ្ងៃ សម្រាប់តម្រូវឲ្យធ្វើចត្តាឡីស័ក គឺពីរយៈពេល ១៤ថ្ងៃមកនៅត្រឹម១០ថ្ងៃវិញ សម្រាប់អ្នកដែលជាប់ពាក់ព័ន្ធជាមួយអ្នកឆ្លងជំងឺ COVID-19 ព្រមទាំងអ្នកដែលចូលមកចក្រភពអង់គ្លេស ពីបណ្តាប្រទេសដែលមិនស្ថិតក្នុងបញ្ជីលើកលែង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

ការកែប្រែចំនួនថ្ងៃធ្វើចត្តាឡីស័កនេះ ត្រូវបានសម្រេចកាលពីចុងសប្តាហ៍កន្លងទៅ ដោយក្រុមទីប្រឹក្សាសុខាភិបាល នៃចក្រភពអង់គ្លេស ដែលរួមមានទីប្រឹក្សាសុខាភិបាលរបស់អង់គ្លេស, ទីប្រឹក្សាសុខាភិបាលរបស់ស្តុកឡែន, ទីប្រឹក្សាសុខាភិបាលរបស់អៀរឡង់ខាងជើង និងទីប្រឹក្សាសុខាភិបាលរបស់វែលស៍ ក្រោយការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់មួយ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសអង់គ្លេស កំពុងស្ថិតក្រោមប្រព័ន្ធរឹតត្បិតថ្មីដែលមាន ៣កម្រិត សម្រាប់ប្រឆាំងការរាតត្បាតនៃជំងឺ COVID-19។ វាត្រូវបានដាក់ចេញ ដើម្បីជំនួសវិធានការបិទប្រទេសរយៈពេល ០១ខែ ដែលបានបញ្ចប់ទៅកាលពីកាលពីថ្ងៃទី០២ ខែធ្នូ។ នៅក្រោមប្រព័ន្ធរឹតត្បិតថ្មីនេះ ហាងនានាត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ នៅទូទាំងប្រទេសអង់គ្លេស ប៉ុន្តែបារ និងភោជនីយដ្ឋានទាំងអស់ ដែលស្ថិតនៅកន្លែងប្រឈមហានិភ័យខ្លាំងបំផុត គឺនៅបន្តបិទដដែល។ ប្រមាណ ៩៨ភាគរយនៃប្រទេសអង់គ្លេសទាំងមូល គឺស្ថិតនៅក្រោមការរឹតត្បិតកម្រិតទី ២ និងទី ៣ ហើយវានឹងត្រូវវាយតម្លៃជាថ្មី នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ៕