(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឲ្យបិទសាលារៀន និងសាលាមតេ្តយ្យទាំងអស់នៅទូទាំងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ផ្លាស់ប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ ចាប់ពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) កាន់តែខ្លាំងឡើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

ការផ្លាស់ប្តូរខាងលើនេះ គឺជាជំហានឆ្ពោះទៅរកការពង្រីកបន្ថែម ទៅលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ឲ្យឡើងដល់ដំណាក់កាលទី ៣ ដែលជាវិធានការមួយ នឹងធ្វើឱ្យសេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលមានសេដ្ឋកិច្ច ធំបំផុតលំដាប់ទីបួននៅអាស៊ីធ្លាក់ចុះ។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន (Chung Sye-kyun) បានគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងថា ជំហាននេះគឺទាមទារឱ្យមានការពិនិត្យមើលឡើងវិញយ៉ាងម៉ត់ចត់ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានពង្រីកការរឹតបន្ដឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 នេះ។

លោក Chung Sye-kyun បានបន្ថែមទៀតថា «រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ពង្រីកការរឹតបន្តឹងបន្ថែម ទៅលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ឡើងដល់ដំណាក់កាលទី ៣ឡើយ ប្រសិនបើវាជារឿងចាំបាច់ដែលត្រូវធ្វើ។ វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ដំណាក់កាលទី ៣នេះ មានតែអ្នកធ្វើការដែលចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងការិយាល័យ ឬចូលទៅក្នុងការជួបជុំ ដែលត្រូវបានកំណត់ឲ្យមានមនុស្សតិចជាង ១០នាក់»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤៣,៤៨៤ករណី ក្នុងនោះមានអ្នកស្លាប់ ៥៨៧នាក់ និងជាសះស្បើយ ៣២,១០២នាក់៕