(អូតតាវ៉ា)៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា វ៉ាក់សាំង COVID-19 ដំបូងបង្អស់ដែលដាក់ក្នុងទូរទឹកកកចំនួន ៣០,០០០ដូស បានមកដល់ប្រទេសកាណាដាហើយ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅរសៀលថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

លោក Justin Trudeau បានបង្ហោះនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកពីរូបភាពរបស់វ៉ាក់សាំងទាំងនោះ ដែលត្រូវបានគេយកចេញពីយន្ដហោះ។ អាជ្ញាធរពាក់ព័ន្ធរបស់កាណាដា កាលពីថ្ងៃពុធសប្ដាហ៍មុន បានអនុញ្ញាតលើការប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលផលិតដោយក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech រួចហើយ។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកាណាដា បានធ្វើវិសោធនកម្មលើកិច្ចសន្យារបស់ខ្លួន ជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដើម្បីទទួលបានវ៉ាក់សាំងរហូតដល់ ២៤៩,០០០ដូសទៀតនៅក្នុងខែធ្នូនេះ។ លោក Justin Trudeau បាននិយាយថា វាជាដំណឹងល្អ ប៉ុន្តែលោកកំពុងជំរុញឱ្យពលរដ្ឋកាណាដាបន្តពាក់ម៉ាស, ជៀសវាងការប្រមូលផ្តុំគ្នា, និងទាញយកកម្មវិធី (app) ដែលរដ្ឋាភិបាលបានបង្កើត ដែលអាចឱ្យអ្នកប្រើប្រាស់ដឹងថា តើពួកគេធ្លាប់បានទាក់ទងជាមួយអ្នក ដែលបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ឬអត់។

ប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានក្លាយជាប្រទេសលោកខាងលិច បន្ទាប់ពីចក្រភពអង់គ្លេស ដែលចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech នៅក្នុងប្រទេសរបស់ខ្លួន។ ដំណាក់កាលដំបូងនៃវ៉ាក់សាំង COVID-19 ចំនួន ៣ម៉ឺនដូស នឹងត្រូវដំណើរការចាក់នៅតំបន់ចំនួន ១៤ ទូទាំងប្រទេសកាណាដា។ អ្នកដែលងាយរងគ្រោះខ្លាំងបំផុត រួមទាំងមនុស្សចាស់ជរា នៅក្នុងមជ្ឈមណ្ឌលថែទាំរយៈពេលវែង និងបុគ្គលិកសុខាភិបាល នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនេះមុនគេ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកាណាដាបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤៦០,៧៤៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣,៤៣១នាក់ និងជាសះស្បើយចំនួន ៣៧៣,២៥៣នាក់៕