(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide អាចនឹងចាត់វិធានការរឹតត្បិតខ្លះ លើយុទ្ធនាការទេសចរណ៍ ដើម្បីទប់ស្កាត់ COVID-19 ខណៈប្រជាប្រិយភាពរបស់ លោកកំពុងធ្លាក់ចុះ ជុំវិញចំណាត់ការដោះស្រាយជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

មួយរយៈកន្លងមកនេះ ទោះបីជាមានការព្រមានជាច្រើនពីក្រុមអ្នកជំនាញក៏ដោយ ក៏រដ្ឋាភិបាលរបស់លោក Suga នៅតែពន្យារពេលចាត់វិធានការរឹតត្បិតជាបន្តបន្ទាប់ លើ យុទ្ធនាការទេសចរណ៍ ដែលនៅតែបើកដំណើរការការធ្វើដំណើរកម្សាន្តនៅក្នុងស្រុក សំដៅជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមពីលើនេះ លោក Suga ក៏ធ្លាប់និយាយគាំទ្រ យុទ្ធនាការនេះដែរ ដោយលោកបញ្ជាក់ថាបើសិនជាសេដ្ឋកិច្ចត្រូវបានបំផ្លាញ នោះវានឹងមានសភាពធ្ងន់ធ្ងរជាង COVID-19 ទៅទៀត។ ក៏ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុក នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ត្រូវបានគេរំពឹងថាអាចនឹងចាត់វិធានការរឹតត្បិតខ្លះលើការធ្វើដំណើរ បន្ទាប់ពីយុទ្ធនាការទេសចរណ៍នេះ ត្រូវបានផ្អាកក្នុងតំបន់ចំនួនពីរ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិមួយធ្វើឡើងដោយកាសែតជប៉ុន Mainichi កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ប្រជាប្រិយភាពរបស់លោក Suga បានធ្លាប់មកនៅត្រឹម ៤០ភាគរយ ពោលគឺធ្លាក់អស់១៧ភាគរយ បើធៀបទៅនឹងកាលពីខែវិច្ឆិកាកន្លងទៅ ដោយសារតែការដោះស្រាយ COVID-19៕