(វ៉ាស៊ីនតោន)៖ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក ម៉ៃក៍ ភែន (Mike Pence) រួមទាំងមន្ត្រីជាន់ខ្ពស់អាមេរិកដទៃទៀត នឹងត្រូវផ្តល់ការចាក់វ៉ាក់សាំង COVID-19 ដែលទើបត្រូវបានអនុម័តថ្មី ដោយរដ្ឋបាលឱសថ និងចំណីអាហារ (FDA)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

ផ្អែកលើប្រភពដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងទៀតថា មន្ត្រីកំពូលៗនៃសេតវិមាន និងមន្ត្រីសំខាន់ៗមួយចំនួនទៀត នៃរដ្ឋបាលលោក ដូណាល់ ត្រាំ នឹងទទួលការចាក់វ៉ាក់សាំង នៅក្នុងរយៈពេល ១០ថ្ងៃខាងមុខទៀតនេះ។ ទោះជាបែបនេះក្តី គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើលោក ដូណាល់ ត្រាំ នឹងទទួលការចាក់វ៉ាក់សាំងភ្លាមៗ ឬក៏យ៉ាងណានោះទេ។

មិនតែប៉ុណ្ណោះ ក៏មិនទាន់មានការបញ្ជាក់ថា តើប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន និងអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ព្រមទាំងមន្ត្រីនៃក្រុមការងាររបស់លោក បៃដិន នឹងទទួលការចាក់វ៉ាក់សាំងដែរ ឬក៏អត់នោះដែរ បើទោះបីជាកន្លងមកនេះ លោក បៃដិន ធ្លាប់ត្រូវបានគេប្រកាសថា នឹងធ្វើការចាក់វ៉ាក់សាំង COVID-19 រួចផ្សាយផ្ទាល់ជូនមហាជនទស្សនា ដើម្បីជាការបង្កើនទំនុកចិត្តក្តី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្ដើមចែកចាយវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech ទៅកាន់រដ្ឋនីមួយៗរបស់ខ្លួនហើយ ដោយប្រជាជនអាមេរិក ត្រូវបានគេរំពឹងថា នឹងទទួលបានការចាក់វ៉ាក់សាំងនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងដំណាក់កាលដំបូង ស្របពេលមានការសង្ឃឹមជាច្រើនថា ជំងឺដ៏កាចសាហាវមួយនេះ នឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ៕