(សេអ៊ូល)៖ កូរ៉េខាងត្បូងបានរាយការណ៍ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ១,០៣០នាក់ទៀត ត្រូវបានរកឃើញ នៅក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈប្រទេសអាស៊ីខាងកើតមួយនេះកំពុងរឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព ប្រឈមមុខនឹងរលកទី៣ នៃជំងឺ ដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗខាងលើនេះ ១,០០២នាក់ គឺជាករណីឆ្លងក្នុងសហគមន៍។ ក្រោយការបូក សរុបទិន្នន័យថ្មីៗ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ៤២,៧៦៦ករណី ក្នុងនោះស្លាប់ ៥៨០នាក់ និងជាសះស្បើយវិញជាង ៣១,៨១៤នាក់។

ចំពោះករណីឆ្លង COVID-19 ថ្មីៗនៅកូរ៉េខាងត្បូងនេះបានគេមើលឃើញថា ៧០% បានកើតមាននៅរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ។ កូរ៉េខាងត្បូងនៅក្នុង សប្តាហ៍នេះ ក៏បានប្រកាសដាក់ពង្រាយយោធាផងដែរ នៅក្នុងទីក្រុងសេអ៊ូល ដើម្បីគាំទ្របុគ្គលិកសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ខណៈមន្ទីរពេទ្យកុងតឺន័រត្រូវបានបង្កើនចំនួន ដើម្បីត្រៀមទទួលអ្នកជំងឺ ដែលនឹងបន្តកើនឡើងថែមទៀត។ នេះបើយោងតាមការព្យាករណ៍។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីកូរ៉េខាងត្បូង ការរឹតបន្តឹងវិធានការគម្លាតសុវត្ថិភាព នឹងត្រូវធ្វើឡើងដល់កម្រិតថ្នាក់ជាតិ ឬតម្រូវឱ្យមានវិធានការបិទប្រទេស បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង។ កូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា បានបញ្ជាទិញវ៉ាក់សាំង COVID-19 អភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ចំនួន ២០លានដូស, ក្រុមហ៊ុន Moderna ចំនួន ២០លានដូស និងក្រុមហ៊ុន AstraZeneca ចំនួន ២០លានដូស។ មិនតែប៉ុណ្ណោះ កូរ៉េខាងត្បូងក៏ត្រៀមទិញវ៉ាក់សាំង ០៤លានដូសទៀតពីក្រុមហ៊ុន Johnson & Johnson ផងដែរ ហើយដែលវ៉ាក់សាំងទាំងនេះគឺ គ្រប់គ្រាន់ចាក់ជូនប្រជាជនរបស់ខ្លួន ៣៤លាននាក់ នៃប្រជាជនសរុប ៥១.៨លាននាក់៕