(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងទៅកាន់រដ្ឋនីមួយៗរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទស្អែកនេះ (ពេលវេលានៅអាមេរិក) បន្ទាប់ពី រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA «អនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩» របស់ក្រុមហ៊ុន Pfizer/BioNTech។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។

បើតាមក្រុមមន្ត្រីអាមេរិក រថយន្ដកុងតឺន័រជាច្រើនគ្រឿង នឹងចាប់ផ្ដើមដឹកជញ្ជូនវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ទៅកាន់គោលដៅចំនួន១៥០ នៅទូទាំងរដ្ឋទាំង៥០ ហើយគោលដៅចំនួន៤២៥កន្លែងផ្សេងទៀត នឹងទទួលបានវ៉ាក់សាំងនៅថ្ងៃអង្គារ និង៦៦កន្លែងទៀតដែលសល់គឺនឹងទទួលបាន វ៉ាក់សាំងនៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូង វ៉ាក់សាំង៣លានដូស ត្រូវបានគេរំពឹងថានឹងត្រូវចែកចាយនៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ នៅឡើយទេថាតើនរណានឹងទទួលការចាក់វ៉ាក់សាំងមុនគេ ខណៈបុគ្គលិកសុខាភិបាល, អ្នកនៅជួរមុខប្រយុទ្ធជាមួយ COVID-19 និងមនុស្សងាយរងគ្រោះ ត្រូវបានគេជឿជាក់ថានឹងទទួលការចាក់វ៉ាក់សាំងជាអាទិភាព៕