(តៃប៉ិ)៖ កោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ បានដាក់ឱ្យដំណើរការហើយ នូវនាវាល្បាតស៊េរីថ្មីមួយ ដែលមានសមត្ថភាពបំពាក់មីស៊ីល ខណៈដែនកោះមួយនេះកំពុងពង្រឹងសមត្ថភាពការពារខ្លួន ប្រឈមមុខនឹងការគំរាមកំហែង កាន់តែខ្លាំងពីសំណាក់ទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។

ពិធីដាក់ឱ្យដំណើរការនាវាល្បាតឈ្មោះ អានភីង (Anping) ដែលជាផលិតផលនៅក្នុងស្រុករបស់កោះតៃវ៉ាន់ ចំណាយអស់ប្រាក់ជាង ៣៧.៣លានដុល្លារក្នុងការផលិត ត្រូវបានធ្វើឡើងនៅឯទីក្រុងកៅសង (Kaohsiung) ក្រោមការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen)។ នៅក្នុងពិធីនោះដែរលោកស្រី Tsai ក៏បានកោតសរសើរផងដែរថា នាវាល្បាត Anping មានសមត្ថភាពពិសេស ដែលនឹងត្រូវបានប្រើប្រាស់នៅពេលមានសង្រ្គាម ឬជម្លោះផ្ទុះឡើង។ លោកស្រីបានលើកឡើងទៀតថា «ប្រសិនបើចំាបាច់ នាវាល្បាតនេះអាចនឹងត្រូវបានប្រែក្លាយ ជាទៅជានាវាប្រយុទ្ធភ្លាមៗ»

គួរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បច្ចុប្បន្នកំពុងបង្កើនការធ្វើទំនើបកម្ម លើវិស័យយោធារបស់ខ្លួនយ៉ាងខ្លាំង ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ស្របពេលចិនកាន់តែបង្កើនសកម្មភាពយោធា ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅក្បែរដែនកោះមួយនេះ និងតែងតែគំរាមជារឿយថា ទីក្រុងប៉េកាំងនឹងប្រើប្រាស់កម្លាំងយោធា បង្រួបបង្រួមកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់៕