(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃប្រហស្បតិ៍នេះ បានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១,៣៨៣ ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៤៤៥,៥៤០ ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនសុីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

DOH ក៏បានរាយការណ៍ទៀតថា មានអ្នកជំងឺចំនួន ១៣៣នាក់ទៀត បានជាសះស្បើយ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ៤០៩,០៥៨ នាក់។ ចំណែកឯ ចំនួនអ្នកស្លាប់វិញក៏បានកើនឡើងដល់ ៨,៧០១ នាក់ផងដែរ បន្ទាប់ពីអ្នកជំងឺ ២៤នាក់បន្ថែមទៀតបានស្លាប់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Francisco Duque នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឲ្យ ពលរដ្ឋហ្វីលីពីនទាំងអស់បន្តមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាវ៉ាក់សាំង COVID-19 មានហើយក៏ដោយ។ លោកបានសង្កត់ធ្ងន់ថាហានិភ័យនៃការឆ្លងវីរុសនៅតែមានកម្រិតខ្ពស់នៅឡើយ។ រដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា យើងត្រូវតែបន្តអនុវត្តវិធានការសុខភាពសាធារណៈឲ្យបានខ្ជាប់ខ្ជួន សូម្បីតែនៅពេលដែលយើងចាប់ផ្តើមចាក់វ៉ាក់សាំងហើយក៏ដោយ បើមិនដូច្នោះទេ យើងនឹងលុបចោលកិច្ចខិតខំប្រឹងប្រែង ដែលយើងបានធ្វើក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លោក Duque ក៏បានព្រមានដែរថា វ៉ាក់សាំងតែមួយមុខមិនមែនជាដំណោះស្រាយចំពោះវិបតិ្តនេះឡើយ កិច្ចសហប្រតិបត្តិការរបស់អ្នកទាំងអស់គ្នា គឺចាំបាច់ដើម្បីយកឈ្នះលើជំងឺដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីន មានបំណងចាក់ចាក់វ៉ាក់សាំងឲ្យពលរដ្ឋហ្វីលីពីនប្រហែលជា ៦០ លាននាក់ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ ដើម្បីសម្រេចបានភាពស៊ាំជាលក្ខណៈសហគមន៍ (Herd Community)។ មនុស្សប្រហែលជា ២៥លាននាក់ គឺស្ថិតនៅក្នុងបញ្ជីអាទិភាពដំបូងគេ រួមមានដូចជាបុគ្គលិកសុខាភិបាលជួរមុខ ជនចាស់ជរាក្រីក្រ ទាហាន និងមន្ត្រីប៉ូលិសជាដើម ដែលរដ្ឋាភិបាលសង្ឃឹមថានឹងចាប់ផ្តើមចាក់នៅពាក់កណ្តាលឆ្នាំ ២០២១៕