(បរទេស)៖ មូលនិធិ Bill និង Melinda Gates នៅថ្ងៃព្រហស្បតិ៍នេះ បានសន្យាថានឹងបរិច្ចាគប្រាក់ ២៥០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍ វ៉ាក់សាំង COVID-19 ដែលមានតម្លៃទាប និងងាយស្រួលក្នុងការចែកចាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

នេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ពីមូលនិធិ Gates ហើយក៏ជាការបរិច្ចាគថវិកាដ៏ច្រើនបំផុតផងដែរ គិតចាប់តាំងពីការបរិច្ចាគ៧០លានដុល្លារអាមេរិក កាលពីខែវិច្ឆិកា កន្លងទៅ។ រហូតមកទល់ពេលនេះ មូលនិធិមួយនេះបានបរិច្ចាគថវិកាសរុបចំនួន ១.៧៥ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល COVID-19។

លោកស្រី Melinda សហប្រធាននៃមូលនិធិ Gates បានលើកឡើងយ៉ាងដូច្នេះថា៖ «ពិភពលោកនឹងអាចវិញទៅរកសភាពល្អប្រសើរវិញ ចំពោះមនុស្សគ្រប់គ្នា គឺអាស្រ័យ លើសកម្មភាពរបស់មេដឹកនាំនៅជុំវិញពិភពលោក និងការប្តេជ្ញារបស់ពួកគេ ក្នុងការផ្តល់ការធ្វើតេស្ត ការព្យាបាល និងការចាក់វ៉ាក់សាំងជូនដល់អ្នកដែលត្រូវការវា។ មូលនិធិនេះ ក៏នឹងចូលរួមចំណែកក្នុងការផ្តល់ការគាំទ្រដល់ការធ្វើតេស្ត និងវ៉ាក់សាំង នៅតាមបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមផងដែរ»

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេ បន្ទាប់ពីបានចាក់វ៉ាក់សាំង COVID-19 ជូនលោកយាយម្នាក់វ័យ៩០ឆ្នាំ ដែលជា ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ជាដំបូងបង្អស់របស់ពិភពលោក។ ប្រទេសកាណាដា ក៏បានអនុញ្ញាតឲ្យមានការប្រើប្រាស់វ៉ាក់សាំងខាងលើ កាលពីថ្ងៃពុធសប្តាហ៍នេះផងដែរ ខណៈដែលរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) រំពឹងថានឹងមានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នៅមុនកិច្ចប្រជុំ របស់ក្រុមមន្ត្រីជំនាញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលនឹងពិភាក្សាថាតើគួរណែនាំឲ្យប្រើ ឬក៏អត់។

គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មានបញ្ហាប្រឈមមួយចំនួន ជាពិសេសចំពោះបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ដោយសារតែវាតម្រូវឲ្យដឹកជញ្ជូន និងរក្សាទុកនៅក្នុងសីតុណ្ហភាព -៧០ អង្សាសេ ដែលទាបជាងកម្រិតស្តង់ដារសម្រាប់វ៉ាក់សាំងគឺចន្លោះពី ២-៨ អង្សាសេទៅទៀត។ ដោយឡែក លោក Bill Gate បានកត់សម្គាល់ថា៖ «យើងមានវ៉ាក់សាំងថ្មីនេះ និងបេក្ខភាពវ៉ាក់សាំងសក្តានុពលជាច្រើនទៀត ដែលហួសពីអ្វីដែលយើងបានរំពឹងទុកសម្រាប់ឆ្នាំនេះ ហើយវ៉ាក់សាំងថ្មីៗ ទាំងអស់នេះ នឹងជួយសង្គ្រោះអាយុជីវិតមនុស្ស ប្រសិនបើពួកវាត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់»