(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថាអាចនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន នៅត្រឹមពាក់កណ្ដាលខែធ្នូនេះ ពោលគឺមុនថ្ងៃបុណ្យណូអែល បន្ទាប់ពីក្រុមហ៊ុនឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna អះអាងរៀងៗខ្លួនថាវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពលើស៩០ភាគរយ ហើយមិនមានការព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពនោះទេ។

វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech នឹងត្រូវពិនិត្យវាយតម្លៃដោយគណៈកម្មាធិការប្រឹក្សានៃទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃទី១០ ខែធ្នូនេះ ខណៈការសម្រេចលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូនេះដដែល។ ក៏ប៉ុន្តែ ខណៈមានក្ដីសង្ឃឹមជាច្រើន ថាវ៉ាក់សាំងទាំងនេះអាចនឹងបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19 សំនួរជាច្រើនក៏ត្រូវបានគេចោទសួរផងដែរ ជាពិសេសពាក់ព័ន្ធនឹងការផ្គត់ផ្គង់វ៉ាក់សាំង ប្រកបដោយ តម្លភាព ស្របពេលក្រុមអ្នកវិភាគព្រមានពីការកើនឡើងនៃវ៉ាក់សាំងជាតិនិយម ឬវ៉ាក់សាំងនយោបាយ។

ក្រោយការប្រកាសរបស់ក្រុមហ៊ុន Pfizer ថាវ៉ាក់សាំងរបស់ខ្លួន ដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាពរហូតដល់៩៥ភាគរយ ចក្រភព អង់គ្លេស បានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានអនុញ្ញាតចំពោះការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ Pfizer-BioNTech ជាបន្ទាន់ រីឯប្រទេសជាច្រើន ទៀតមានខ្លះកំពុងស្ថិតនៅក្នុងដំណាក់កាលចរចា ហើយខ្លះទៀតត្រៀមខ្លួនបញ្ជាទិញវ៉ាក់សាំងរួចជាស្រេច។ ខណៈប្រទេសអ្នកមានដូចជា អង់គ្លេស បញ្ជាទិញវ៉ាក់សាំង COVID-19 ប្រទេសក្រីក្របានត្រឹមរំពឹងថាខ្លួននឹងអាចទទួលបានវ៉ាក់សាំងនឹងគេដែរ តែប៉ុណ្ណោះ។ ដូច្នេះថាតើគេគួរស្រាយបញ្ហានេះដោយរបៀបណា?

បើតាមមន្ទីរពិសោធន៍មួយ នៃសាកលវិទ្យាល័យ Northeastern University ក្នុងទីក្រុង Boston នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិក នៅពេលដែលវ៉ាក់សាំងត្រូវបាន ផលិតរួចរាល់ ឬត្រូវបានដាក់ឱ្យប្រើប្រាស់ សេណារីយ៉ូពីរ អាចនឹងកើតឡើង។ សេណារីយ៉ូទីមួយ នោះគឺវ៉ាក់សាំងដំបូង ២ពាន់លានដូស អាចត្រូវបានទិញដោយប្រទេស អ្នកមាន ហើយក្រោយមកទើប វ៉ាក់សាំងនៅសេសសល់ប្រហែលជា១ពាន់លានដូស នឹងត្រូវចែកចាយដល់បណ្ដាប្រទេសដទៃ។ សេណារីយ៉ូទី២ គឺវ៉ាក់សាំងទាំង ៣ពាន់លានដូស អាចនឹងត្រូវចែកចាយទៅកាន់ប្រទេសទាំងអស់ ដោយផ្អែកលើចំនួនសមាមាត្រទៅនឹងប្រជាជនរបស់ពួកគេ។

ប៉ុន្តែ គេមានក្ដីរំពឹងតិចតួចណាស់សម្រាប់សេណារីយ៉ូទី២នេះ ស្របពេលវ៉ាក់សាំងជាតិនិយមកំពុងកើនឡើង ហើយគេក៏មិនអាចប្រកែកបានដែរ នោះគឺថានៅពេលមាន វ៉ាក់សាំង ប្រហែលជាប្រទេសណាក៏ដូចជាប្រទេសណាដែរ ដោយពួកគេត្រូវចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឯងជាមុនសិន មុននឹងផ្គត់ផ្គង់ទៅក្រៅប្រទេស។ ម្យ៉ាងវិញទៀត នៅក្នុងសេណារីយ៉ូទីមួយ ឬ «ករណីមិនមានកិច្ចសហប្រតិបត្តិការ» វ៉ាក់សាំងអាចត្រឹមបញ្ឈប់ការស្លាប់ដោយសារ COVID-19 ទូទាំងសកលលោក បានត្រឹម៣៣ភាគរយ ប៉ុណ្ណោះ។ ចំណែកឯ ក្នុងសេណារីយ៉ូទី២ ឬ«ករណីមានកិច្ចសហប្រតិបត្តិការ» នោះវ៉ាក់សាំងអាចនឹងបង្ការមិនឱ្យមានអ្នកស្លាប់ដោយសារ COVID-19 បាន ៦១ភាគរយ ឬអាចច្រើនជាងនេះ ឬក៏អាចនិយាយម្យ៉ាងទៀតបានថា បើមានកិច្ចសហប្រតិបត្តិការជាសកល COVID-19 អាចនឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ ហើយបើមិនមានវិញ នោះមនុស្សស្លាប់នឹងបន្តកើនឡើង។

នេះមិនទាន់រាប់បញ្ចូលទាំងតម្លៃវ៉ាក់សាំង និងឧបសគ្គនានាក្នុងការដឹកជញ្ជូនផង។ ជាក់ស្ដែង វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ត្រូវបានគេប៉ាន់ ប្រមាណតម្លៃពី៣២ដុល្លារ ដល់៣៧ដុល្លារក្នុងមួយដូស ហើយមនុស្សម្នាក់ត្រូវចាក់វ៉ាក់សាំងយ៉ាងហោច២ដូស។ លើសពីនេះទៅទៀត ទាំងវ៉ាក់សាំងរបស់ Moderna និង Pfizer-BioNTech ដែលមិនស្ថិតនៅក្នុងគំនិតផ្ដួចផ្ដើម Covax សុទ្ធតែត្រូវបានគេរាយការណ៍ថា ត្រូវដឹកជញ្ជូនដោយស្ដុកទុក ក្រោមសីតុណ្ហភាពត្រជាក់បំផុតដែលនេះនឹង បង្កផលលំបាកក្នុងការដឹកជញ្ជូនទៅកាន់បណ្ដាប្រទេស ឬតំបន់ដាច់ស្រយាលមួយចំនួន។ Covax គឺជាគំនិតផ្ដួចផ្ដើមមួយ ក្នុងការចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាព ដល់បណ្ដាប្រទេសក្រីក្រ ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។

* យើងត្រូវការច្រើន លើសពីវ៉ាក់សាំង

លោកស្រី Charlie Weller ជាប្រធានផ្នែកវ៉ាក់សាំងប្រចាំអង្គការ Wellcome Trust មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បាននិយាយថាដើម្បីការពារមនុស្សពី ការឆ្លង និងស្លាប់ដោយសារ COVID-19 យើងត្រូវការលើសពីវ៉ាក់សាំង និងការចាក់វ៉ាក់សាំង នោះគឺកិច្ចសហប្រតិបត្តិការ។ លោកស្រី បន្ថែមថា នៅពេលវ៉ាក់សាំងត្រូវបាន ផលិតរួចរាល់ ឬដាក់ឱ្យប្រើប្រាស់ គេត្រូវចងចាំថា «យើងកំពុងប្រណាំងប្រជែងជាមួយវីរុស មិនមែនប្រណាំងប្រជែងគ្នាទៅវិញទៅមកនោះទេ ហើយប្រទេសតែមួយគត់ មិនអាចយកឈ្នះ COVID-19 បានឡើយ»៕

ប្រភព៖ Bloomberg