(ស៉ីដនី)៖ អាជ្ញាធរអូស្ត្រាលីនៅថ្ងៃចន្ទនេះបានស្នើសុំប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយ លើកោះហ្រ្វេសឺ (Fraser Island) ដែលជាកោះខ្សាច់ធំជាងគេលើផែនដី និងស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ឲ្យជម្លៀសខ្លួនចេញជាបន្ទាន់ដើម្បីទៅរកកន្លែងសុវត្ថិភាព បន្ទាប់ពីភ្លើងឆេះព្រៃដ៏ធំមួយ ដែលបន្តឆាបឆេះចាប់តាំងពីពាក់កណ្តាលខែតុលាមក បានរាលដល់ទៅដល់ក្រុងនោះនៅក្នុង ថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២0២០។

មកទល់ពេលនេះ ភ្លើងឆេះព្រៃបានដុតបំផ្លាញផ្ទៃដីទំហំប្រមាណកណ្តាលនៃកោះ Fraser ដែលស្ថិតនៅភាគឦសានអូស្ត្រាលី ដែលជាផ្នែកមួយនៃតំបន់ថ្មប៉ប្រះទឹក Great Barrier Reef ហើយជាកន្លែងដែលល្បីឈ្មោះសម្រាប់ព្រៃត្រូពិចនៅលើពំនូកខ្សាច់ និងបឹងធម្មតាជាតិ។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីព្រឹកថ្ងៃចន្ទនេះ នាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំរដ្ឋឃ្វីនឡែន (Queensland) បានឲ្យដឹងថា អគ្គិភ័យដ៏ធំបានបន្តឆាបឆេះ និងធ្វើដំណើរទៅទិសអាគ្នេយ៍ឆ្ពោះរកតំបន់ក្រុង Happy Valley នៅលើកោះ Fraser ហើយទៅដល់ទីនោះ នៅវេលាម៉ោងប្រហែល ៧៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់នៅអូស្រ្តាលី)។

អាជ្ញាធរអូស្រ្តាលីបានកត់សម្គាល់ថា ស្ថានភាពបច្ចុប្បន្ន គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយក្រុមអ្នកពន្លត់អគ្គិភ័យប្រហែលជាមិនអាចគ្រប់គ្រងការរាលនៃរបស់ភ្លើងឆេះព្រៃនេះបានឡើយ។ បណ្តាញអគ្គិសនី ប្រព័ន្ធទឹក សេវាទូរស័ព្ទចល័តបានដាច់ ខណៈស្ថានភាពផ្លូវថ្នល់ស្ថិតក្នុងសភាពគ្រោះថ្នាក់ជាខ្លាំង ចំពោះការធ្វើដំណើរ។

អាជ្ញាធរអូស្រ្តាលីបានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ Happy Valley ជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូង ឬទៅរកឆ្នេរសមុទ្រ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រលកកម្តៅដ៏ខ្លាំងមួយបានសាយភាយពាសពេញភាគអាគ្នេយ៍និងឦសាន ប្រទេសអូស្រ្តាលី ដែលបានធ្វើសីតុណ្ហភាពកើនឡើងរហូតលើស៤០អង្សាសេ នៅតាមតំបន់មួយចំនួន។ ប្រការនេះបានបង្កឲ្យមានការព្រួយបារម្ភថា នឹងអាចធ្វើឲ្យមានភ្លើងឆេះព្រៃនៅតាមតំបន់ផ្សេងៗទៀត។

គួរបញ្ជាក់ថា កាលពីរដូវក្តៅមុន ប្រទេសអូស្រ្តាលីបានកត់ត្រានូវ គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ដែលបានឆាបឆេះនៅលើផ្ទៃដី ទំហំប៉ុនចក្រភពអង់គ្លេស និងបានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៣៣នាក់ស្លាប់ ខណៈមនុស្សរាប់ពាន់នាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Scott Morrison បានហៅគ្រោះមហន្តរាយនេះថា ជារដូវក្តៅពណ៌ខ្មៅ (Black Summer)៕