(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានជ្រើសតាំងរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ាលោក ហ្សាវីយើ បេសេរ៉ា (Xavier Becerra) ឲ្យធ្វើជារដ្ឋមន្ត្រីសុខាភិបាលថ្មី នៅពេលរដ្ឋបាលថ្មីរបស់លោក ស្បថចូលកាន់តំណែងជាផ្លូវការ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល COVID-19 យ៉ាងកំពុងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២0២០។

ប្រសិនបើត្រូវបានបញ្ជាក់ដោយព្រឹទ្ធសភា លោក Becerra ក្នុងវ័យ ៦២ឆ្នាំនឹងក្លាយជាជនជាតិអាមេរិកាំង ដើមកំណើតឡាទីនដំបូងគេបង្អស់ ដែលដឹកនាំក្រសួងសុខាភិបាល និងសេវាកម្មមនុស្សជាតិ ជាទីភ្នាក់ងារមានកញ្ចប់ថិវិកាប្រចាំឆ្នាំ ១ទ្រីលានដុល្លារអាមេរិក ជាមួយនឹងបុគ្គលិក ៨០,០០០នាក់ ទទួលបន្ទុកត្រួតពិនិត្យឱសថ, វ៉ាក់សាំង, ការស្រាវជ្រាវវេជ្ជសាស្ត្រ ក៏ដូចជាកម្មវិធីធានារ៉ាប់រងសុខភាព ដែលគ្របដណ្តប់ពលរដ្ឋអាមេរិកាំង ច្រើនជាង ១៣០លាននាក់។

ក្នុងនាមជារដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រញ៉ាលោក Becerra បានដឹកនាំសម្ព័ន្ធនៃរដ្ឋប្រជាធិបតេយ្យទាំងអស់ ដើម្បីការពារកម្មវិធី អូបាម៉ាឃែរ (Obamacare) ពីកណ្តាប់ដៃរបស់លោក ត្រាំ ដែលព្យាយាមលុបច្បាប់នេះចោល និងកំពុងរង់ចាំសេចក្តីសម្រេចចុងក្រោយ ពីតុលាការកំពូលនៅឆ្នាំក្រោយ។
អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យខាងលើនេះ បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីដឹកនាំច្បាប់សុខភាពរបស់ អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា នៅក្នុងសភាចន្លោះពីឆ្នាំ ២០០៩-២០១០។ កំឡុងពេលនោះ លោក Becerra បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា អ្វីដែលលើកទឹកចិត្តលោកឲ្យដើរឆ្ពោះទៅមុខ គឺដោយសារមនុស្សរាប់ពាន់នាក់ មិនមានការធានារ៉ាប់រងសុខភាព នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) ត្រូវបានកាត់បន្ថយតួនាទីតិចជាងមុន បន្ទាប់ពីអ្នកវិទ្យាសាស្ត្រនៅក្នុងទីភ្នាក់ងារនេះ បានចេញការព្រមានតាំងពីដំបូងមកម្ល៉េះ ដែលផ្ទុយទាំងស្រុងពីការធានារបស់លោក ត្រាំ ដែលថាវីរុសកូរ៉ូណានឹងស្ថិតក្រោមការគ្រប់គ្រង។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានក្លាយជាគោលដៅវាយប្រហារម្តងហើយម្តងទៀត ពីលោកប្រធានាធិបតី ដោយចោលប្រកាន់ថា អ្នកវិទ្យាសាស្ត្រទាំងនោះ យកបញ្ហានេះធ្វើជាអាវុធនយោបាយតែប៉ុណ្ណោះ៕