(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា មេធាវីផ្ទាល់ខ្លួនរបស់លោកគឺលោក រូឌី ជូលីអានី (Rudy Giuliani) បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា «ឆាប់ជាសះស្បើយណាលោក Rudy… យើងនឹងបន្តដំណើរទៅមុខទៀត»។ លោក Rudy Giuliani អាយុ ៧៦ឆ្នាំ ដែលជាអតីតអភិបាលទីក្រុងញូយ៉ក ហើយបច្ចុប្បន្ននេះ ជាមេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា បានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យសាកលវិទ្យាល័យ ម៉េដស្តា ចចថោន (Medstar Georgetown) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ។

ជុំវិញបញ្ហាខាងលើនេះ កូនប្រុសរបស់លោក Giuliani គឺលោក អ៊ែនដ្រូ (Andrew Giuliani) ដែលជាជំនួយការពិសេសម្នាក់ផងដែរ របស់លោក ត្រាំ ក៏បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ផងដែរថា «ឪពុករបស់ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យ ដែលឥឡូវនេះគាត់មានស្ថានភាពសុខភាព និងអារម្មណ៍ល្អជាធម្មតាទេ»