(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលអាមេរិក នៅថ្ងៃអាទិត្យនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបដិសេធរបស់ពលរដ្ឋអាមេរិកជាច្រើន នៅក្នុងការពាក់ម៉ាស់ ខណៈប្រទេសនេះកំពុងប្រឈមនឹង ការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

ជាមួយនឹងវ៉ាក់សាំងប្រឆាំង COVID-19 ដែលគ្រប់គ្នារំពឹងថា នឹងដាក់ចេញឲ្យប្រើប្រាស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមមន្រ្តីសុខាភិបាលអាមេរិក បានព្រមានចំពោះការធ្វេសប្រហែស របស់ជនជាតិអាមេរិកជាច្រើន ជាពិសេសនោះ គឺការធ្វើដំណើរកម្សាន្តចុងឆ្នាំ ដែលនៅតែកើតមានដដែល។

អ្នកសម្របសម្រួលកម្មវិធីគ្រប់គ្រងវីរុសកូរ៉ូណា (COVID-19) នៃសេតវិមាន លោកស្រី ដេបូរ៉ាហ៍ ប៊ឺស (Deborah Birx) បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ NBC ថា «វាពិតជារឿងដែលគួរឱ្យអស់សង្ឃឹមណាស់ ដែលបានលឺមនុស្សជាច្រើននិយាយថា ការពាក់ម៉ាសមិនអាចជួយអ្វីបានទេ និងការប្រមូលផ្ដុំគ្នា ក៏មិនអាចបណ្តាលឱ្យផ្ទុះការឆ្លងរាលដាលដែរ»។

លោកស្រី Birx បានគូសបញ្ជាក់ប្រាប់បន្ថែមថា «នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍សុខភាពសាធារណៈ ដ៏អាក្រក់បំផុតប៉ុណ្ណោះទេ តែវាក៏ជាបញ្ហាដ៏អាក្រក់បំផុត ដែលប្រទេសនេះនឹងត្រូវប្រឈមមុខដែរ។ វ៉ាក់សាំងប្រឆាំង COVID-19 ដែលនឹងរៀបដាក់ចេញ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ វាពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែវានឹងមិនអាចជួយសង្គ្រោះយើង ពីការកើនឡើងយ៉ាងគំហុក នៃករណីឆ្លងនាពេលបច្ចុប្បន្ននេះទេ»។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីសុខាភិបាលអាមេរិក លោក អេឡិច អាហ្សារ (Alex Azar) រដ្ឋាភិបាលអាមេរិកបានរំពឹងថា ប្រជាជនសរុប ២០លាននាក់ នឹងទទួលបានវ៉ាក់សាំងប្រឆាំង COVID-19 ពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និង Moderna នៅដំណាច់ឆ្នាំ២០២០នេះ។ ប៉ុន្តែក្រុមអ្នកជំនាញ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ដែលជនជាតិអាមេរិកជាច្រើន នៅតែមិនអើពើនឹងការណែនាំ, មិនអនុវត្តការពាក់ម៉ាស, មិនព្រមរក្សាគម្លាតសុវត្ថិភាព និងមិនព្រមបញ្ឈប់ការជួបជុំគ្នាយ៉ាងកកកុញ៕