(សៀងហៃ)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនទទួលបានមូលនិធិ ៥១៥លានដុល្លារពីក្រុមហ៊ុនមួយនៅក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពផលិតវ៉ាក់សាំង COVID-19 ឲ្យបានទ្វេដង ខណៈលទ្ធផលបឋមនៃការធ្វើតេស្ដវ៉ាក់សាំង អាចនឹងត្រូវប្រកាសនៅក្នុងខែធ្នូនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។

មូលនិធិដែលស្ថិតនៅក្រោម កិច្ចព្រមព្រៀងវិនិយោគខាងលើនេះ ត្រូវបានរៀបចំឡើង ខណៈក្រុមហ៊ុន Sinovac កំពុងពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ និងការធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួនដែលមានឈ្មោះថា កូរ៉ូណាវ៉ាក់ (CoronaVac) បន្ទាប់ពីទទួលបានលទ្ធផលល្អនៅពាក់កណ្ដាលផ្លូវ នៃការធ្វើតេស្ដលើមនុស្ស។

ដោយឡែកក្រុមហ៊ុនចិន ស៊ីណូ បាយអូហ្វាម៉ាសឺធីខល (Sino Biopharmaceutical Limited) ក៏បានឱ្យដឹងផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួននឹងវិនិយោគប្រាក់់ ៥១៥លានដុល្លារ លើក្រុមហ៊ុនវិទ្យាសាស្ត្រ-ស៊ីណូវ៉ាក់ (Sinovac Life Science) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinovac ដើម្បីជួយដល់ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង CoronaVac។ ការវិនិយោគនេះ នឹងផ្ដល់ឱ្យក្រុមហ៊ុន Sino Biopharmaceutical នូវភាគហ៊ុនជាង ១៥ភាគរយនៅក្នុងក្រុមហ៊ុន Sinovac Life Sciences សម្រាប់ទីផ្សារហ៊ុនហុងកុង។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sinovac ធ្លាប់បានឱ្យដឹងថា ខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំង ៣០០លានដូសក្នុងមួយឆ្នាំ ហើយនឹងបញ្ចប់ការសាងសង់រោងចក្រថ្មីមួយ នៅត្រឹមចុងឆ្នាំ២០២០នេះ ដែលនឹងបង្កើនសមត្ថភាពផលិតបាន ៦០០លានដូសក្នុងមួយឆ្នាំ៕