(ញូដេលី)៖ រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋហាយ៉ាណា (Haryana) ភាគខាងជើងប្រទេសឥណ្ឌាលោក អានីល វីច (Anil Vij) ដែលធ្លាប់ជាអ្នកស្ម័គ្រចូលធ្វើតេស្តវ៉ាក់សាំង COVID-19 កាលពីខែមុន បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

លោក Vij បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ខ្ញុំបានឆ្លងវីរុសកូរ៉ូណា និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ អាំបាឡា (Ambala) ហើយអ្នកដែលបានទាក់ទងជិតស្និទ្ធជាមួយខ្ញុំទាំងអស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវចូលខ្លួនធ្វើតេស្តរកជំងឺ COVID-19 ឲ្យបានឆាប់បំផុត។

រដ្ឋមន្ត្រីសុខាភិបាលវ័យ ៦៧ឆ្នាំរូបនេះ ជាអ្នកទទួលបន្ទុកត្រួតពិនិត្យកម្មវិធី ការសាកល្បងវ៉ាក់សាំង កូវ៉ាស៊ីន (Covaxin) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនក្នុងស្រុកគឺ ប៉ារ៉ាត បាយអូធិច (Bharat Biotech)។ ក្រោយមកលោក Vij បានប្រកាសថា លោកគឺជាអ្នកស្ម័គ្រចិត្តដំបូងគេ នៅក្នុងរដ្ឋដែលទទួលយកវ៉ាក់សាំងប្រភេទនេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលឥណ្ឌាបានកត់ត្រាករណីឆ្លងជំងឺ COVID-19 កើនលើស ៩.៦លានករណី ក្នុងនោះមនុស្សច្រើនជាង ១៣៩,៧០០នាក់បានបាត់បង់ជីវិត។ ឥណ្ឌាគឺជាប្រទេសមានករណីឆ្លង និងស្លាប់ច្រើនបំផុតដោយសារ COVID-19 លំដាប់ទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕