(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការរបស់ប្រធានធិបតីលោកដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការនៅក្នុងរដ្ឋ ចរចា Georgia នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដែលជាកិច្ចខិតខំប្រឹងប្រែងផ្លូវច្បាប់ចុងក្រោយ ក្នុងគោលបំណងទាមទារ ការផ្លាស់ប្តូរលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋលេខាធិការប្រចាំរដ្ឋ Georgia លោក ប្រេដ រ៉ាហ្វហ្វិនស្ពើចឺ (Brad Raffensperger) មកពីគណបក្សសាធារណរដ្ឋ រួមទាំងមន្ត្រីជាច្រើនរូបផ្សេងទៀត ធ្លាប់បានបញ្ជាក់ម្តងហើយម្តងទៀតថា ពួកគេមិនបានរកឃើញភស្តុតាង នៃការលួចបន្លំសន្លឹកឆ្នោតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមយុទ្ធនាការរបស់លោក ត្រាំ និងបុគ្គលសំខាន់ជាច្រើនរូបទៀត នៅតែបន្តដាក់ពាក្យបណ្តឹងជាហូរហែរ ប៉ុន្តែត្រូវបានតុលាការច្រានចោល ជាច្រើនលើកនៅទូទាំងប្រទេស រួមទាំងពាក្យបណ្តឹងនៅក្នុងរដ្ឋ ណេវ៉ាដា (Nevada) និង វីសខុនសិន (Wisconsin) ជាដើម។

គួរបញ្ជាក់ថា យុទ្ធនាការរបស់លោក ត្រាំ បានចំណាយថវិកាខ្ទង់ ៩លានដុល្លារអាមេរិក ក្នុងដំណើរទាមទារតាមផ្លូវច្បាប់ ឲ្យតុលាការផ្លាស់ប្តូរលទ្ធផលបោះឆ្នោត រួមទាំង ២.៣លានដុល្លារអាមេរិកទៀតលើសេវាមេធាវី និងអ្នកពិគ្រោះយោបល់ផ្លូវច្បាប់ ប៉ុន្តែបេសកកម្មកន្លងមកនេះ មិនបានទទួលជោគជ័យឡើយ។ យោងតាមគណៈកម្មាធិការជាតិ គណបក្សសាធារណរដ្ឋបានរៃអង្គាស ថវិកាយ៉ាងហោចណាស់ ២០៧.៥ លានដុល្លារ គិតចាប់តាំងពីថ្ងៃបោះឆ្នោត ដែលភាគច្រើនបានមកពីការស្នើសុំការបរិច្ចាគទៅលើ មូលនិធិការពារការបោះឆ្នោតជាផ្លូវការ៕