(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៣៥,២៧២នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៧១៨ទៀតស្លាប់នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១៤,៧៧២,៥៣៥ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៨៥,៥៥០នាក់ និងជាសះស្បើយឡើងវិញចំនួនជាង ៨,៦៥៨,៨៨២នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ នឹងកើនឡើងខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក នឹងចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 ទៅតាមគោលនយោបាយរបស់លោក បន្ទាប់ពីការស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ បន្ថែមពីនេះការអនុម័តឲ្យចាក់វ៉ាក់សាំង COVID-19 បន្ទាន់អាចនឹង ត្រូវធ្វើឡើង នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ ពោលគឺនៅមុនថ្ងៃបុណ្យណូអែល បន្ទាប់ពីទទួលបានការអនុម័តពីទីភ្នាក់ងារឱសថ និងចំណីអាហារអាមេរិក (FDA)។

FDA គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃទី១០ និងនៅថ្ងៃទី១៧ ខែធ្នូខាងមុខនេះ ដើម្បីសម្រេចថាតើត្រូវអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna ដែរឬក៏យ៉ាងណា។ សហរដ្ឋអាមេរិកក៏សង្ឃឹមដែរថា ក្រោយការអនុម័តនេះ ខ្លួនអាចនឹងចាក់វាក់សាំង COVID-19 ជូនដល់ប្រជាជនអាមេរិកយ៉ាងហោច ១០០លាននាក់ នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ៕