(ឡុងដ៍)៖ ក្រុមប្រធានផ្នែកវេជ្ជសាស្ត្រ នៃចក្រភពអង់គ្លេសបានលើកឡើងថា ការមកដល់នៃវ៉ាក់សាំងប្រឆាំង COVID-19 នឹងជួយកាត់បន្ថយការស្លាប់ ដោយសារជំងឺរាតត្បាតសកលនេះ បានច្រើននៅដើមឆ្នាំ២០២១ ប៉ុន្តែការជួបជុំគ្នាដែលនឹងកើតឡើងនៅថ្ងៃបុណ្យណូអែល នោះគឺជាបញ្ហាធំមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNtech ដែលធ្វើឲ្យអង់គ្លេសក្លាយជាចក្រភពដំបូងគេ នៃលោកខាងលិច ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា នៅក្នុងករណីបន្ទាន់។

នៅមុនយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅចាប់ពីសប្តាហ៍ក្រោយនេះ ក្រុមប្រធានផ្នែកវេជ្ជសាស្ត្រ នៃចក្រភពអង់គ្លេសមកពីប្រទេសអង់គ្លេស, វែល, ស្កុតឡេន និងអៀរឡង់ខាងជើង បានបង្ហាញការយល់ឃើញរួមគ្នាថា «យើងគិតថានៅក្នុងនិទាឃរដូវ ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង COVID-19 នឹងចាប់ផ្តើមបញ្ចេញ ហើយវានឹងកាត់បន្ថយ ការស្លាប់បានយ៉ាងច្រើន ប៉ុន្តែនៅសល់ពេលច្រើនសប្តាហ៍ទៀតណាស់ ទើបយើងឈានដល់ដំណាក់កាលនោះ»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសក៏ទទួលបានការរិះគន់ផងដែរ ពីសហភាពអឺរ៉ុប ចំពោះការអនុម័តកម្មវិធីចាក់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់នេះ លឿនហួសហេតុពេក។ ចក្រភពអង់គ្លេសទាំងមូល ដែលមានប្រជាជនសរុបជាង ៦៧លាននាក់ បច្ចុប្បន្នមានករណីឆ្លង COVID-19 សរុបជាង ១,៦៩០,០០០ករណី ក្នុងនោះអ្នកស្លាប់មានចំនួនជាង ៦០,០០០នាក់៕