(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) បានណែនាំឲ្យរដ្ឋាភិបាល និងប្រជាជនទាំងអស់ នៅលើពិភពលោក មិនត្រូវទម្លាក់ចោលវិធានការការពារខ្លួនពី COVID-19 ដោយសារតែឃើញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ជិតសម្រេចបានជោគជ័យនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

ការលើកឡើងបែបព្រមានរបស់ WHO ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តជាផ្លូវការ ឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក សហការជាមួយអាល្លឺម៉ង់គឺ Pfizer និង BioNtech នៅក្នុងករណីបន្ទាន់។

ជុំវិញបញ្ហានេះប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងចេញពីទីស្នាក់ការកណ្តាល នៃអង្គការនេះ នៅទីក្រុងហ្សឺណែវយ៉ាងដូច្នេះថា «ដំណើរការទៅលើវ៉ាក់សាំងនានា បានផ្តល់ឲ្យយើងគ្រប់គ្នានូវការលើកទឹកចិត្តមួយ ហើយយើងអាចចាប់ផ្តើមមើលឃើញពន្លឺ នៅខាងចុងនៃផ្លូវដ៏ងងឹត។ ទោះជាបែបនេះក្តី WHO ពិតជាមានការព្រួយបារម្ភ ចំពោះការយល់ច្រលំដែលកាន់តែកើនឡើងថា ជំងឺរាតត្បាតសកល COVID-19 នេះបញ្ចប់ទៅហើយ»

គួរបញ្ជាក់ថា ក្នុងនាមជាអង្គការមួយ ដែលនៅតែដើរតួនាទីសំខាន់បំផុត នៅក្នុងការធានាចំពោះសុវត្ថិភាពផ្នែកសុខាភិបាលជាសកល WHO បានធ្វើការអំពាវនាវយ៉ាងទទូច ឲ្យគ្រប់រដ្ឋាភិបាល និងប្រជាជនទាំងអស់ បន្ត និងបង្កើនការអភិវឌ្ឍវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19។ ខណៈដែលរដ្ឋាភិបាលជាច្រើនទៀត ត្រូវការពេលវេលាដើម្បីត្រួតពិនិត្យ និងសម្រេចចិត្តនៅក្នុងការប្រើប្រាស់វ៉ាក់សាំង ហើយប្រទេសខ្លះនៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 យ៉ាងច្រើនគំហុកនៅឡើយ ដូច្នេះផ្លូវធ្វើដំណើរ គឺនៅវែងឆ្ងាយទៀតណាស់៕