(ព្រុចសែល)៖ សហភាពអឺរ៉ុបបានរិះគន់ចក្រភពអង់គ្លេសថា ប្រញាប់ប្រញាល់ពេក ក្នុងការអនុម័តឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បន្ទាប់ពីអង់គ្លេស បានក្លាយជាប្រទេសលោកខាងលិចដំបូង នៅលើពិភពលោកដែលបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ការចាក់វ៉ាក់សាំងនៃក្រុមហ៊ុនទាំងពីរនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ចក្រភពអង់គ្លេសបានប្រកាសដូច្នេះថា «រដ្ឋាភិបាលនៅថ្ងៃនេះបានទទួលយក អនុសាសន៍ពីសំណាក់ទីភ្នាក់ងារត្រួតពិនិត្យ ផលិតផលឱសថ និងសុខាភិបាល (MHRA) ដើម្បីផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ហើយវ៉ាក់សាំងនេះនឹងត្រូវចែកចាយ នៅទូទាំងចក្រភពអង់គ្លេស ចាប់ពីសប្តាហ៍ក្រោយតទៅ»

ទោះជាយ៉ាងណា ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ដែលទទួលបន្ទុកលើការអនុម័តវ៉ាក់សាំង COVID-19 សម្រាប់សហភាពអឺរ៉ុបយល់ថា ការសម្រេចចិត្តរបស់អង់គ្លេសធ្វើឡើងដោយ «ប្រញាប់ប្រញាល់ពេក»។ ទីភ្នាក់ងារអឺរ៉ុបមួយនេះបានបន្ថែមទៀតថា នីតិវិធីអនុម័តវ៉ាក់សាំង គឺត្រូវចំណាយពេលយូរក៏ពិតមែន តែមានភាពហ្មត់ចត់ និងត្រឹមត្រូវ ដោយផ្អែកលើភស្ដុតាងជាក់លាក់ ហើយតម្រូវឱ្យមានការត្រួតពិនិត្យ ច្រើនជាងនីតិវិធីដែលចក្រភពអង់គ្លេសបានជ្រើសរើស។

គួរបញ្ជាក់ថា ការអនុម័តឱ្យប្រើប្រាស់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer ក្នុងករណីបន្ទាន់នេះ និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដោយចក្រភពអង់គ្លេស ត្រូវបានធ្វើឡើងនៅមុននឹងទីភ្នាក់ងារឱសថ និងចំណីអាហារអាមេរិក (FDA) គ្រោងនឹងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីការអនុម័តលើវ៉ាក់សាំងរបស់ ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech នៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ។ FDA ក៏នឹងបើកកិច្ចប្រជុំដាច់ដោយឡែកមួយទៀត នៅថ្ងៃទី១៧ ខែធ្នូនេះផងដែរ ពិភាក្សាលើការអនុម័ត វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ខណៈការចាក់វ៉ាក់សាំងក្នុងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្ដើមមុនថ្ងៃបុណ្យណូអែល៕