(ហុងកុង)៖ មហាសេដ្ឋី និងជាម្ចាស់សារព័ត៌មាន ល្បីឈ្មោះមួយនៅហុងកុង លោក ជីមមី ឡៃ (Jimmy Lai) ត្រូវបានបញ្ជូនខ្លួនទៅកាន់មន្ទីរឃុំឃាំង នៅថ្ងៃព្រហស្បតិ៍នេះ ក្រោមការចោទប្រកាន់ពីបទឆបោក នៅក្នុងការអនុវត្តនីតិវិធីច្បាប់ចុងក្រោយបង្អស់ ប្រឆាំងអ្នករិះគន់ទីក្រុងប៉េកាំងដ៏លេចធ្លោរូបនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោក Lai ក្នុងវ័យ ៧៣ឆ្នាំ គឺជាម្ចាស់ក្រុមហ៊ុន Apple Daily ដែលជាកាសែតដ៏ពេញនិយម និងលក់ដាច់បំផុតនៅទីក្រុងហុងកុង ដែលតែងតែរិះគន់អាជ្ញាធរ ដោយឥតសំចៃមាត់។ លោក Lai ព្រមទាំងនាយកប្រតិបត្តិ ០២រូបទៀតរួមមានលោក រ៉យស្តុន ឆូវ (Royston Chow) និងលោក វ៉ុង វ៉ៃគឹង (Wong Wai-keung) កំពុងប្រឈមនឹងការចោទប្រកាន់ពីបទឆបោក ក្រោយឯកសាររបស់តុលាការបានបង្ហាញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងឯកសារការិយាល័យ ដែលត្រូវបានប្រើក្នុងគោលបំណង ដែលមិនត្រូវបានអនុញ្ញាត នៅក្នុងកិច្ចសន្យាជួលអគារ។

មន្ត្រីប៉ូលិសបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ Apple Daily កាលពីខែសីហា ហើយបានចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះរួមទាំងលោក Lai ផងដែរ ក្រោមការចោលប្រកាន់ពីបទគប់គិតជាមួយកម្លាំងបរទេស ដែលបានចែងនៅក្នុងច្បាប់សន្តិសុខជាតិថ្មី។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ត្រូវបានចោទប្រកាន់ ពីបទរំលោភលើច្បាប់សន្តិសុខជាតិថ្មីនៅឡើយទេ ប៉ុន្តែចៅក្រមលោក វិចតឺ សូ (Victor So) បានបើកការស៊ើបសួរនៅក្នុងសវនាការ នៅថ្ងៃព្រហស្បតិ៍នេះ។ លោក So បានបដិសេធការធានាក្រៅឃុំរបស់លោក Lai ប៉ុន្តែបានអនុញ្ញាតឲ្យលោក Wong និង Chow ដោយកំណត់កាលបរិច្ឆេទសម្រាប់សវនាការបន្ទាប់ ដែលនឹងប្រព្រឹត្តទៅនាខែមេសា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះមានន័យថា លោក Lai ប្រឈមនឹងការជាប់ពន្ធនាគារជាច្រើនខែ ខណៈប៉ូលិសនៅតែបន្តការស៊ើបអង្កេត៕