(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក ស្ទេហ្វាន បង់សែល (Stéphane Bancel) កាលពីថ្ងៃពុធសប្តាហ៍នេះបាននិយាយថា វ៉ាក់សាំងក្រុមហ៊ុន របស់លោកអាចនឹងទទួលបានអនុញ្ញាតឲ្យមានការប្រើប្រាស់ជាបន្ទាន់ក្នុងរយៈពេល ២៤ ទៅ៧២ម៉ោង បន្ទាប់ពីការប្រជុំក្រុមប្រឹក្សានិយ័តករសុខាភិបាលអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៧ ខែធ្នូ ដើម្បីពិភាក្សាស្តីពីសំណើរបស់ក្រុមហ៊ុនចំពោះការអនុញ្ញាតឲ្យមាន ការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ខ្លួន។ ថ្លែងនៅក្នុងសន្និសីទស្តីពីការថែទាំសុខភាព Piper Sandler លោក Bancel បានលើកឡើងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន ក្រុមហ៊ុន Moderna មានវ៉ាក់សាំងរាប់លានដូស ដែលអាចចែកចាយភ្លាមៗ បើសំណើខាងលើទទួលបានការអនុញ្ញាត»។

គួរបញ្ជាក់ថា Moderna ស្ថិតក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងអភិវឌ្ឍវ៉ាក់សាំង COVID-19 បានដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់ ទាំងនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បន្ទាប់ពីលទ្ធផលពេញលេញពីការសិក្សានៅដំណាក់កាលចុងក្រោយ បានបង្ហាញថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពដល់ទៅ ៩៤.១ ភាគរយ និងគ្មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្ងន់ធ្ងរនោះឡើយ៕