(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) អាចនឹងចាក់វ៉ាក់សាំង COVID-19 ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព ប៉ុន្តែលោកនឹងមិនទទួលការចាក់វ៉ាក់សាំង មុនអ្នកដែលងាយរងគ្រោះ ឬក៏អ្នកត្រូវការជាចាំបាច់បំផុតនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោក ចនសុន មានអាយុ ៥៦ឆ្នាំ ដែលធ្លាប់ស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ កាលពីចុងខែមីនា និងដើមខែមេសា ឆ្នាំ២០២០នេះ ក្រោយឆ្លង COVID-19 បានសាទរដល់ចក្រភពអង់គ្លេស ក្នុងការអនុម័តឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Pfizer ដែលកំពុងជាក្ដីសង្ឃឹមមួយបិទបញ្ចប់ ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ និងធ្វើឱ្យជីវិតនានាក្នុងពិភពលោក ត្រឡប់ទៅរកសភាពធម្មតាឡើងវិញ។

បើតាមអ្នកនាំពាក្យរបស់លោក ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ នឹងត្រូវតម្រង់ជួរដូចគេឯង ដើម្បីទទួលការចាក់វ៉ាក់សាំង ដោយនឹងមិនរំលងជនងាយរងគ្រោះ ឬមនុស្សដែលត្រូវការវ៉ាក់សាំងបំផុតនោះទេ។ តែទោះជាបែបនេះក្ដី លោក ចនសុន ចង់ចាក់វ៉ាក់សាំងដោយមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញពីសុវត្ថិភាព និងបញ្ចុះបញ្ចូលឱ្យប្រជាជនអង់គ្លេស យល់ព្រមចាក់វ៉ាក់សាំង នៅពេលមានវ៉ាក់សាំងតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនៅថ្ងៃពុធសប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech។ គណៈកម្មាធិការរបស់ចក្រភពអង់គ្លេស ដែលទទួលបន្ទុកលើវ៉ាក់សាំង នឹងត្រូវសម្រេចថា តើក្រុមអាទិភាពណាខ្លះ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ដូចជាអ្នកស្នាក់នៅមណ្ឌលថែទាំងជនចាស់ជរា បុគ្គលិកផ្នែកសុខាភិបាល និងមនុស្សចាស់ ក៏ដូចជាជនងាយរងគ្រោះដទៃៗទៀត។

កន្លងមកនេះ ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna បានរាយការណ៍ថា លទ្ធផលបឋមនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ពួកគេ ក្នុងដំណាក់កាលចុងក្រោយ គឺមានប្រសិទ្ធភាពលើសពី ៩០ភាគរយ ដែលជាកម្រិតប្រសិទ្ធភាពដ៏ខ្ពស់មួយ៕