(ហាណូយ)៖ អាជ្ញាធរវៀតណាមនៅថ្ងៃពុធនេះបានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិក្នុងរយៈពេល ០២ខែចុងក្រោយនេះ បានបណ្តាលឱ្យប្រទេសអាស៊ានមួយនេះ រងការខូចខាតផ្នែកសេដ្ឋកិច្ចនូវទឹកប្រាក់ចំនួន ៣០ទ្រីលានដុង ឬ ១.៣ពាន់លានដុល្លារអាមេរិក និងបានឆក់យកជីវិតមនុស្សចំនួន ១៩២នាក់ និងមនុស្ស ៥៧នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បានស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុត ដោយឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន ត្រូវបានបំផ្លិចបំផ្លាញដោយសារការឆ្លងរាតត្បាត នៃវីរុសកូរ៉ូណា (COVID-19) មុនពេលការមកដល់នៃព្យុះទីហ្វុងចំនួន ០៩ ដែលបានបំផ្លិចបំផ្លាញដំណាំ និងផ្ទះសម្បែងរាប់ពាន់ខ្នង។ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងថា ចំនួនអ្នកស្លាប់រយៈពេល ០២ខែកន្លងមកនេះ មានចំនួនលើសការខាតបង់ទាំងមូលកាលពីឆ្នាំមុន ដែលគ្រោះមហន្តរាយបានសម្លាប់មនុស្សចំនួន ១៣២នាក់ និងបានបង្កការខូចខាតផ្នែកសេដ្ឋកិច្ចនូវទឹកប្រាក់ចំនួន ៦.២ទ្រីលានដុងប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មវៀតណាម លោក ង្វៀន ហ្សួនខុង (Nguyen Xuan Cuong) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «យើងបានជួបប្រទះព្យុះទីហ្វុងចំនួន ០៩ និងព្យុះត្រូពិកចំនួន ០២ ក្នុងរយៈពេល ០២ខែកន្លងមកនេះ គឺចាប់តាំងពីពាក់កណ្តាលខែកញ្ញា ដល់ពាក់កណ្តាលខែវិច្ឆិកា។ អាកាសធាតុមិនប្រក្រតីទាំងនេះ បានធ្វើឱ្យប្រទេសរបស់យើង ខាតបង់ទឹកប្រាក់ចំនួន ៣០ទ្រីលានលានដុង»។ លោក Cuong បានគូសបញ្ជាក់បន្ថែមថា «យើងត្រូវតែធានាថា ប្រជាជនរបស់យើងមិនមែនជាអ្នកដែលគ្មានផ្ទះសម្បែង ឬជាអ្នកដែលត្រូវទទួលរងនូវភាពអត់ឃ្លាន និងខ្វះទឹកស្អាតប្រើប្រាស់ ក្រោយរងផលប៉ះពាល់ពីព្យុះទីហ្វុងនោះឡើយ»។

គួរបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់កម្រិត ២-៣% នៅឆ្នាំ២០២០នេះ បន្ទាប់ពីបានកើនឡើង ៧.០២% កាលពីឆ្នាំ២០១៩ ដោយសារតែផលប៉ះពាល់នៃជំងឺឆ្លងរាតត្បាតសកល (COVID-19) និងគ្រោះមហន្តរាយធម្មជាតិ៕