(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បាននិយាយថា លោកនឹងមិនធ្វើសកម្មភាពភា្លមៗដើម្បីលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាជាមួយចិននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ New York Times នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំនឹងមិនធ្វើសកម្មភាពភ្លាមៗណាមួយនោះទេ ហើយនឹងនៅតែបន្តអនុវត្តដូចគ្នាចំពោះពន្ធគយ ដោយខ្ញុំនឹងមិនប្រកាន់គំនិតលម្អៀងនោះឡើយ»។

នៅក្រោមកិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខា កាលពីខែមករា ដើមឆ្នាំកន្លងទៅ ចិនយល់ព្រមបង្កើនការទិញផលិតផល និងសេវាពីសហរដ្ឋអាមេរិក យ៉ាងហាច២០០ពាន់លានដុល្លារ ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។ ក៏ប៉ុន្តែ កិច្ចព្រមព្រៀងនេះក៏នៅតែរក្សាផងដែរ នូវពន្ធ២៥ភាគរយ លើទំនិញចិនមានតម្លៃ ២៥០ពាន់លានដុល្លារ ជាហេតុធ្វើឱ្យចិនសងសឹងដោយដំឡើងពន្ធលើផលិតផលអាមេរិកមានតម្លៃ ១០០ពាន់លានដុល្លារ។

គួរបញ្ជាក់ថា បើតាមលោក ចូ បៃដិន មធ្យោបាយដោះស្រាយជាមួយចិនដ៏ល្អបំផុត នោះគឺការធ្វើការជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ លោក បន្ថែមថាលោកនឹងនៅតែបន្ត គោលនយោបាយប្រឆាំងការអនុវត្តពាណិជ្ជកម្មមិនត្រឹមត្រូវរបស់ចិន ក្នុងនោះរួមមានការលួចកម្មសិទ្ធិបញ្ញា និងការបង្ខំឱ្យក្រុមហ៊ុនអាមេរិកផ្ទេរបច្ចេកវិទ្យាឱ្យក្រុមហ៊ុនចិន ជាដើម៕