(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយលេងសើចថាលោកនឹងចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤ ខណៈមកទល់នឹងពេលនេះ លោកនៅតែប្រកាន់ជំហរដដែលជុំវិញការលួចបន្លំសន្លឹកឆ្នោត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅឯពិធីជប់លៀងត្រៀមស្វាគមន៍បុណ្យណូអែល នៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដែលនេះ ប្រហែលជាពិធីជប់លៀងលើកចុងក្រោយ មុននឹងលោកត្រូវចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ បានលើកឡើងនៅចំពោះមុខអ្នកចូលរួម ដូច្នេះថា៖ «វាពិតជាអស្ចារ្យណាស់ ក្នុងរយៈពេលបួនឆ្នាំមកនេះ។ យើងនឹងព្យាយាមធ្វើវាម្ដងទៀតនៅបួនឆ្នាំក្រោយ ដូច្នេះខ្ញុំនឹងបានជួបអ្នកទាំងអស់គ្នាម្ដងទៀត នៅបួនឆ្នាំក្រោយ»

យ៉ាងណាក៏ដោយ នៅក្នុងពិធីដែលគេសង្កេតឃើញថាមិនមានការអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការទប់ស្កាត់ COVID-19 លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដដែលថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ មានការលួចបន្លំសន្លឹកឆ្នោត។ «ជាការពិតណាស់ វាជាឆ្នាំមួយមិនប្រក្រតី។ យើងបានឈ្នះការបោះឆ្នោត តែពួកគេមិនពេញចិត្ត។ ខ្ញុំហៅវាថាការបោះឆ្នោតមានការលួចបន្លំ ហើយខ្ញុំនឹងនៅតែហៅវាបែបនេះ»។ នេះជាការលើកឡើងរបស់លោក ត្រាំ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក Bill Barr នៅថ្ងៃអង្គារសប្ដាហ៍នេះដែរ បាននិយាយថា ក្រសួងយុត្តិធម៌របស់លោករកមិនឃើញភស្ដុតាងណាមួយ បញ្ជាក់ថាមានការលួចបន្លំសន្លឹកឆ្នោតឡើយ ហើយក៏មិនអាចកែប្រែបរាជ័យរបស់លោក ដូណាល់ ត្រាំ ឬជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនោះដែរ៕