(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក Bill Barr បាននិយាយថា ក្រសួងយុត្តិធម៌របស់លោករកមិនឃើញភស្ដុតាងណាមួយបញ្ជាក់ថាមានការលួច បន្លំសន្លឹកឆ្នោតឡើយ ហើយក៏មិនអាចកែប្រែបរាជ័យរបស់លោក ដូណាល់ ត្រាំ ឬជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

លោក Bill Barr ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងចំពេលក្រុម យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថាការបោះឆ្នោតមានលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋសំខាន់ៗដូចជា Georgia, Michigan និងរដ្ឋ Pennsylvania ដើម្បីរារាំងកុំឱ្យមានការទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក បៃដិន។ នៅក្នុងបទសម្ភាសន៍នោះ លោក Bill Barr បានគូសបញ្ជាក់ដូច្នេះថា៖ «មកទល់នឹងពេលនេះ យើងមិនបានរកឃើញភស្ដុតាងណាមួយដែលអាចបញ្ជាក់បានថាការបោះឆ្នោតត្រូវបានលួចបន្លំ ឬក៏ធ្វើឱ្យកែប្រែដល់លទ្ធផលបោះឆ្នោតនោះទេ»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Bill Barr កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បាននិយាយដោយមិនបានបង្ហាញ ភស្ដុតាងថាក្រសួងយុត្តធម៌អាមេរិក និងការិយាល័យសហព័ន្ធស៊ើបអង្កេតអាមេរិក FBI ទំនងជាមានជាប់ពាក់នឹងការលួចការបោះឆ្នោតពីរូបលោក ខណៈលោក Bill Barr ត្រូវបានគេរំពឹងថាជាមនុស្សម្នាក់ដែលនឹងត្រូវលោក ត្រាំ បណ្ដេញពីតំណែង មុនលោកបញ្ចប់អាណត្តិប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕