(ប៊ែកឡាំង)៖ យ៉ាងហោចណាស់ មានមនុស្ស ២នាក់បានស្លាប់ និង ១៥នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកទៅលើ អ្នកថ្មើរជើងនៅទីក្រុង Trier ស្ថិតភាគនិរតីនៃប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

សាក្សីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានរថយន្ត Ranger Rover មួយគ្រឿងពណ៌ប្រផេះ បានបើកបរក្នុងល្បឿនយ៉ាងលឿនទៅបុកហ្វូងមនុស្ស ដែលកំពុងដើរបណ្តាលឲ្យពួកគេប៉ើងទៅលើអាកាស។

តាមរយៈសារបង្ហោះនៅលើ Twitter មន្ត្រីប៉ូលីសបាននិយាយថា អាជ្ញាធរប៉ូលីសបានទៅដល់កន្លែងកើតហេតុ ជាមួយនឹងសេវាកម្មបន្ទាន់ ហើយបានស្នើសុំឲ្យប្រជាពលរដ្ឋចៀសឆ្ងាយពីទីតាំងកើតហេតុនោះ។ ជាមួយគ្នានេះ អ្នកនាំពាក្យប៉ូលិសបាននិយាយថា រថយន្តត្រូវបានបញ្ឈប់ ហើយអ្នកបើកបរក៏ត្រូវបានឃាត់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ភ្លាមៗនេះ គេមិនទាន់ដឹងអំពីមូលហេតុ នៅពីក្រោយហេតុការណ៍នេះនៅឡើយទេ៕