(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោកលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) នៅដើមសប្ដាហ៍នេះបានព្រមានថា ប្រទេសម៉ិចស៊ីកូកំពុងស្ថិតក្នុង «ស្ថានភាពមិនល្អ» ជាមួយនឹងជំងឺឆ្លងរាតត្បាតសកល (COVID-19) ដោយបានអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ករណីឆ្លង ដែលកំពុងកើនឡើងគួរឲ្យព្រួយបារម្ភបំផុត នាពេលបច្ចុប្បន្ននេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធាន WHO បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីសថា ការកើនឡើងនូវករណីឆ្លង និងករណីស្លាប់ដោយសារ COVID-19 នៅប្រទេសម៉ិចស៊ីកូ គឺពិតជារឿងដែលគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដែលវាបានជំរុញឲ្យប្រទេសនេះ ស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត។ ប្រធាន WHO ក៏បានគូសបញ្ជាក់បន្ថែម អំពីសារៈសំខាន់នៃការពាក់ម៉ាស, ការរក្សាអនាម័យ និងការរក្សាគម្លាតសុវត្ថិភាព ដោយអំពាវនាវឲ្យមេដឹកនាំរបស់ប្រទេសម៉ិចស៊ីកូ ធ្វើជាគំរូសម្រាប់ពលរដ្ឋរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ការព្រមានខាងលើនេះបានកើតឡើង ស្របពេលប្រទេសម៉ិចស៊ីកូ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៦,៤៧២ករណីបន្ថែមទៀតនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ១,១១៣,៥៤៣ករណី ខណៈអ្នកស្លាប់សរុបកើនឡើងដល់ ១០៥,៩៤០នាក់។

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសម៉ិចស៊ីកូ បានកើនឡើងលើស ១០០,០០០នាក់កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅនេះ ដែលបានក្លាយជាប្រទេសទី ៤ នៅលើពិភពលោក ដែលឈានដល់ចំណុចដ៏គួរឱ្យព្រួយបារម្ភបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា។ បើតាមក្រុមអ្នកជំនាញផ្នែកសុខភាពសាធារណៈ តួលេខឆ្លង COVID-19 ជាក់ស្តែងក្នុងប្រទេសដែលមានប្រជាជនជិត ១២៩លាននាក់មួយនេះ ទំនងជាខ្ពស់ជាងនេះ ដោយសារតែការធ្វើតេស្តនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតទាបសម្រាប់ម៉ិចស៊ីកូ៕