(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្សី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Kazinform របស់ប្រទេសកាហ្សាក់ស្ថានថា ប្រទេសរបស់លោករំពឹងថាសហរដ្ឋអាមេរិក នឹងចាប់ផ្តើមគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីបរទេសដទៃទៀត ក្រោមរដ្ឋបាលថ្មី របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

បើតាមលោក ឡាវរ៉ូវ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៊ីនឹងទទួលយករាល់ការសម្រេចចិត្តរបស់ប្រជាជនអាមេរិក ព្រមទាំងត្រៀមខ្លួនធ្វើការ ជាមួយរដ្ឋបាលណាមួយរបស់សហរដ្ឋអាមេរិក ផងដែរ។ ជាការពិតណាស់ កិច្ចសហប្រតិបត្តិការគួរតែ ផ្អែកទៅលើតែគោលការណ៍នៃភាពស្មោះត្រង់ ការគោរពគ្នា ទៅវិញទៅមក និងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ លោក ឡាវរូវ បន្ថែមថាតាមទស្សនៈនេះ រុស្ស៊ីមានសិទ្ធិរំពឹងថា ទីក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមពិចារណា និងគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីអន្តរជាតិដទៃទៀត រួមមានប្រទេសរុស្ស៊ី, កាហ្សាក់ស្ថាន និងសមាគមសមាហរណកម្មរបស់ពួកគេផងដែរ»។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ដែរថា ការពិភាក្សាអំពីផលប៉ះពាល់នៃការបោះឆ្នោតអាមេរិក សម្រាប់ទំនាក់ទំនងអន្តរជាតិនឹងឈានមកដល់ ក្នុងពេលឆាប់ៗនេះ ព្រោះលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។ លោកក៏បានបន្តដូច្នេះថា៖ «នេះគឺជាជំហរប្តេជ្ញាចិត្តរបស់យើង។ យើងប្រាកដជាតាមដាន យ៉ាងដិតដល់នូវការវិវត្ត នៅផ្នែកម្ខាងទៀតនៃអាត្លង់ទិច (Atlantic)។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់លទ្ធផលនៃការបោះឆ្នោតអាមេរិកណាមួយនេះ ព្រោះការព្យាករមិនមែនជាគំនិតដែលគួរឱ្យចាប់អារម្មណ៍ទេ ជាពិសេស គឺនៅដំណាក់កាលនេះ។ តែទោះយ៉ាងណាក៏ដោយ ការពិចារណាលើសេចក្តីថ្លែងការណ៍របស់ ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិនមួយអាចសន្មត់បានថា ក្នុងករណីដែលលោកទទួលបានជ័យជំនះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក នឹងកាន់តែសមស្រប ទៅនឹងគំនិតដែលបានលើកឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។

គួរបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតអាមេរិក ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែបណ្តាញ សារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិកទាំងអស់ បានព្យាកររួចហើយថា លោក បៃដិន ជាអ្នកឈ្នះ ដែលលោកត្រូវបានគេរំពឹងថា នឹងទទួលបានអង្គបោះឆ្នោតសរុប ៣០៦រូប ដែលធ្វើឱ្យលោកទទួលបានអង្គបោះឆ្នោតលើស ២៧០រូប ដើម្បីទទួលបានជ័យជម្នះក្លាយជាប្រធានាធិបតីអាមេរិក។ តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធមិនទទួលស្គាល់ និងបានដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់ថា សន្លឹកឆ្នោតត្រូវបានគេលួចបន្លំ៕