(ញូដេលី)៖ មន្ត្រីព្រៃឈើបានសាងសង់ស្ពានយោលពិសេសមួយ សម្រាប់ពពួកសត្វល្មូន និងសត្វតូចៗផ្សេងទៀត ដើម្បីឆ្លងកាត់លើផ្លូវដ៏មមាញឹកមួយនៅក្នុងរដ្ឋ យូតតារាខណ្ឌ (Uttarakhand) ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាបានរាយការណ៍ថា ស្ពានយោលឆ្លងកាត់ពីលើផ្លូវថ្នល់មួយនេះមានប្រវែង ២៧ម៉ែត្រ ធ្វើពីឫស្សី ស្មៅ និងផលិតផលធម្មជាតិដទៃទៀត ហើយប្រភេទស្ពានបែបនេះ គឺជាលើកដំបូងបង្អស់ ដែលត្រូវបានកសាង។ បើតាមអាជ្ញាធរ រថយន្តតូចធំដែលបើកបរនៅលើផ្លូវនេះ ជាញឹកញាប់តែងតែប៉ះ ឬបុកសត្វនៅតាមបណ្តោយផ្លូវ ឆ្ពោះទៅកាន់តំបន់ ណាអ៊ីនីថល (Nainital) ដែលជាគោលដៅទេសចរណ៍ ដ៏ពេញនិយមនៅក្នុងរដ្ឋ។ ឥឡូវនេះមន្ត្រីពាក់ព័ន្ធ បាននិងកំពុងដាំដើមឈើ និងស្មៅបន្ថែមទៀត ដើម្បីទាក់ទាញសត្វនានា ឲ្យងាកទៅឆ្លងកាត់ស្ពាននេះវិញ។

លោក ចាន់ដឺ សេខា ចូស៊ី (Chander Shekhar Joshi) មន្ត្រីព្រៃឈើប្រចាំរដ្ឋបានថ្លែងប្រាប់សារព័ត៌មាន BBC យ៉ាងដូច្នេះថា «ពពួកសត្វល្មូន និងសត្វតូចៗជាច្រើនទៀត ត្រូវបានរថយន្តទេសចរណ៍បុកងាប់ នៅលើផ្លូវមួយនេះ»។ លោក Chander បានបន្តថា ក្រុមមន្ត្រីក៏បានបំពាក់កាម៉េរាសុវត្ថិភាព នៅសងខាងស្ពានដើម្បីឃ្លាំមើល ចលនារបស់សត្វនានាផងដែរ។ បច្ចុប្បន្ន ស្ពានមួយនេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ដោយមានមនុស្សជាច្រើនឆ្លងកាត់វា និងឈប់ថតរូប ប៉ុន្តែមន្ទីរព្រៃឈើសង្ឃឹមថា វានឹងចាប់ផ្តើមទាក់ទាញសត្វ ឲ្យមានទម្លាប់ឆ្លងកាត់ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា តំបន់ខាងលើគឺជាព្រៃក្រាស ដែលសំបូរទៅដោយសត្វដំរី ខ្លារខិន ក្តាន់ និងគោជាដើម។ អ្នកបើកបរអាចមើលឃើញពួកវាពីចម្ងាយ ហើយបានបន្ថយល្បឿន ឬក៏ឈប់ ប៉ុន្តែពួកគេពិបាកមើលចំពោះប្រភេទសត្វដូចជា ពស់ ជាពិសេសពពួកល្មូន ក៏ដូចជាសត្វកំប្រុកផងដែរ។ ក្រុមមន្ត្រីឥណ្ឌាសង្ឃឹមថា ស្ពានមួយនេះនឹងជួយបង្កើតការយល់ដឹង ជុំវិញការអភិរក្សសត្វតូចៗ និងពពួកសត្វល្មូននៅក្នុងតំបន់ ក៏ដូចជាជួយការពារសុវត្ថិភាពពួកវាផងដែរ៕